កណ្ដាល ៖ ស្ត្រីម្នាក់បើកម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត ហើយត្រូវកង់រថយន្តនោះកិនស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដែលករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអូន ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ)បើកម៉ូតូម៉ាក Zoomer ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល1AE-5917។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្រោយកើតហេតុបានបើកគេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះខាងលើបើកម៉ូតូមួយគ្រឿងម៉ាក Zoomer ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល1AE-5917 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) លុះមកដល់កន្លែងកើតហេតុ ក៏បានប៉ះជាមួយដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណ ហើយក៏បានដួលខ្ទាតទៅចូលក្រោមកង់រថយន្ដមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា ក៏ត្រូវកង់រថយន្តនោះកិនបណ្ដាលឱ្យអ្នកបើកបរម៉ូតូ zoomer ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីបានទទួលព័ត៌មាន នេះភ្លាមសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូទាំងពីរគ្រឿងមានការធ្វេសប្រហែស ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕