ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបាន​ការ​ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ទៅតាមលំដាប់លំ​ដោយ​ជាមួយនឹងពលរដ្ឋកម្ពុជាផងដែរ

0
730

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា សម្រាប់ជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាន​ការ​ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ទៅតាមលំដាប់លំ​ដោយ​ជាមួយនឹងពលរដ្ឋកម្ពុជាផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca នាព្រឹកថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំសូមប្រកាសថា ជនបរទេសទាំងឡាយ​ដែល​បាននិងកំពុងរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំងទៅតាមលំដាប់លំ​ដោយ​ជាមួយនឹងពលរដ្ឋកម្ពុជា។ ប៉ុន្ដែសម្រាប់អ្នកការទូត អង្គការក្រៅរដ្ឋាភិបាលបរទេស នឹងទទួលបានការចាក់វ៉ាក់សាំងមុន ហើយទទួលបានក្នុងក្របខ័ណ្ឌវ៉ាក់សាំង AstraZeneca នេះផងដែរ”។

សម្ដេចតេជោបានបន្ដថា ឥឡូវនេះ រហូតតទៅពេលខាងមុខ​យើងត្រូវ​ដោះ​ស្រាយ​បញ្ហានេះយ៉ាងម៉េច ដំបូងយើងត្រូវនិយាយអំពីតួនាទី ជាយុទ្ធសាស្រ្ដ និងគន្លឹះរបស់វ៉ាក់​សាំង។ សម្ដេចតេជោបានលើកឡើងថា​កន្លងមកសម្ដេចធ្លាប់បាននិយាយហើយថា វ៉ាក់សាំង​មិនមែនជាដំណោះស្រាយមានតែមួយគត់នោះទេ ប៉ុន្ដែវ៉ាក់សាំងគឺជា​មធ្យោបាយ​ដោះស្រាយ​ជាយុទ្ធសាស្រ្ដ ជាគន្លឹះមួយ រួមជាមួយនឹងការអនុវត្ដវិធានការសុខាភិបាល​ដែល​យើង​បាន​ដាក់ចេញដូចជា ៣ការពារ ៣កុំជាដើម។

សម្ដេចតេជោបានបន្ថែមថា ការពង្រឹងសមត្ថភាព ការត្រួតពិនិត្យច្រកចេញ-ចូល តាម​ព្រំដែន ការធ្វើតេស្ដ ការធ្វើចត្ដាឡីស័ក និងការព្យាបាលទៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

Facebook Comments
Loading...