ភ្នំពេញ ៖ កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា ឡើងដណ្តើមប្រាក់លាននិងកីឡាករជើងខ្លាំងវ័យក្មេងសូត្រ ខេវិន អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់ពុទ្ធសេរីវង្សកីឡា ជួបកីឡាករអេ អាំម៉ារីនភូថង អ្នកប្រដាល់របស់ក្លិបអេភូថងកីឡា នៅលើសង្វៀនស៊ីអ៊ិនស៊ី នារសៀលថ្ងៃសៅរ៍ទី០៦ ខែមិនា ឆ្នាំ២០២១នេះ។
ការជួបគ្នារវាងកីឡាករឡុង សំណាង និងកីឡាករសូត្រ ខេវិន នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេក្នុងការដណ្តើមប្រាក់លាននេះ។ កីឡាករសូត្រ ខេវិន គេល្អទាំងក្បាច់ និងកាយសម្បទា តែចិត្តប្រដាល់នៅតូច គឺចិត្តរបស់គេរាងល្អាៗមិនសូវហ៊ានប្តូរនោះទេ។ បើចិត្តគេដាច់ជាងហ្នឹងទៀត គេនឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គេក៏ល្អ ហើយរូបរាងគេល្អថែមទៀត គឺល្អមួយចប់តែម្តង។
ចំណែកកីឡាករជើងខ្លាំង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ និងដណ្តើមខ្សែក្រវាត់កន្លងមក។ ចាំមើលកីឡាករឡុង សំណាង និងកីឡាករសូត្រ ខេវិន នរណាជាអ្នកឈ្នះដណ្តើមបានប្រាក់លាននេះ?។
ដោយឡែកកីឡាករពុទ្ធ សំបូរ ជួបជាមួយកីឡាករអេ អាំម៉ារីនភូថង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករពុទ្ធ សំបូរ កន្លងមកគេមានកម្លាំងស៊ុហ្វខ្លាំង កលល្បិចប្រកួតល្អ និងមានផ្លែល្អ ហើយមួយទៀត សំបូរមានសមត្ថភាពប្រដាល់ខ្ពស់ថែមទៀត។ រីឯកីឡាករអេ អាំម៉ារីនភូថង ដោយសារអំណោយផលខាងកម្ពស់ រូបគេមានប្រៀបលើដៃគូតាមរយៈការប្រើជង្គង់ដែលជាអាវុធគ្រោះថ្នាក់បំផុត។ ក្រៅពីអាវុធជង្គង់ដ៏មានប្រសិទ្ធភាព អេ អាំម៉ារីនភូថង ក៏អាចទាត់បានល្អ និងចេញកណ្តាប់ដៃបានល្អផងដែរ។ ចាំមើលរវាងកីឡាករពុទ្ធ សំបូរ និងកីឡាករអេ អាំម៉ារីនភូថង នរណាជាអ្នកឈ្នះ?៕