កីឡាបរទេស ៖ ប្រធានក្លិបTottenham Hotspur កំពុងសម្លឹងរកគ្រូបង្វឹកផ្សេង ដើម្បីបំរុងទុកមកជំនួសលោក Jose Mourinho ព្រោះនៅប៉ុន្មានប្រកួតចុងក្រោយនេះហាក់ធ្លាក់ទម្រង់លេង ដែលនាំឲ្យក្រុមកាន់តែបន្ថយគម្លាតមកប្រជែងនៅកៅអី Top4 ក្នុងក្របខ័ណ្ឌPremier League។
មួយរយៈចុងក្រោយនេះមានពាក្សលេចឮល្ហៀងៗថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទំនងជានឹងអាចដកតំណែងលោក Jose Mourinho នៅពេលឆាប់ៗខាងមុខ។ ក្នុងនោះពាក់ព័ន្ធនឹងបេក្ខភាពដែលអាចជំនួសអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ក៏បានបង្ហាញមកជាបណ្តើរៗហើយ ដោយនោះគឺជាអ្នកចាត់ការវ័យក្មេងកំពុងដឹកនាំក្រុមនៅ UEFA Champions League។
តាមរបាយការណ៍ពី The Athletic ចុះផ្សាយថា ប្រធានក្លឹបលោក Daniel Levy នឹងមិនទាន់តក់ក្រហល់ក្នុងការដក Mourinho ពេលនេះទេ តែប្រសិនស្ថានការណ៍មិនអាចពង្រឹងឲ្យល្អប្រសើរវិញបាន នោះលោកក៏មិនញញើតក្នុងការដកគេចេញដែរ។ Spurs សម្លឹងឃើញបុរសវ័យ៣៣ឆ្នាំ Julian Nagelsmann ដែលដឹកនាំក្លឹប RB Leipzig ជាបេក្ខភាពទី១ ទាំងដែលម្នាក់នេះនៅជាប់កុងត្រាជាមួយក្លឹបអាល្លឺម៉ង់រយៈពេល២ឆ្នាំកន្លះ។
បញ្ជាក់ថា Nagelsmann កំពុងដឹកនាំ Leipzig ត្រៀមប៉ះ Liverpool នៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ហើយនៅ Bundesliga ពួកគេកំពុងឈរលេខ២ដោយមាន៤៤ ពិន្ទុតាមប្រកៀក Bayern Munich នៅកំពូលតារាង៕