រថយន្តដឹកដីម៉ាក SCANIA សង្ស័យតៃកុងងងុយដេកបើកបុកបង្គោលភ្លើង និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋ

0
858

ភ្នំពេញ ៖ សង្ស័យតៃកុងងោកមួយភាំងរថយន្តម៉ាក SCANIA ប្រភេទប៉ែនដឹកដី បើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួស ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនាវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ ព្រឿង សុដារ៉ា លើផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1579 ធ្វើដំណើរលើផ្លូវបេតុងឡុងឈិន ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ (គេចខ្លួនមិនស្គាល់អត្តសញ្ញាណ) លុះមកដល់កន្លែងកើតហេតុបានឆ្លងផ្លូវលេខ១៥១បុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋតែម្តង ម្ចាស់ផ្ទះឈ្មោះ ព្រឿង សុដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាក SCANIA ប្រភេទប៉ែនដឹកដីនេះបណ្តាលអោយ បាក់បង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម ប៉ាណូស្រាបៀរមួយផ្ទាំង ផ្ទះនិងសម្ភារៈមួយចំនួន និងខូចរថយន្តធ្ងន់០១គ្រឿង។ ក្នុងករណីនេះគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ បានប្រគល់ជូនជំនាញការិយល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...