ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំង លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសបរិច្ចាគថវិកា ជូនសម្ដេចតេជោ ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងជូនពលរដ្ឋកម្ពុជា។
កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងផេកផ្លូវការណ៍ថា កន្លងមកជាមួយនឹងការតាមដាន នូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។
ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។
ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។
យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕
ក្រោយ សម្តេចតេជោ បង្ហោះបន្តិច លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ប្រកាស បរិច្ចាគថវិកា ជូន សម្ដេចតេជោ ហ៊ុន សែន ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំង ជូនពលរដ្ឋកម្ពុជា។
លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ សូមបួងសួងអោយប្រទេសកម្ពុជាយើង ឆ្លងផុតនូវទុក្ខលំបាកនេះ។
គួររំលឹកផងដែរថា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានបរិច្ចាគ ថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀងរួចមក នៅព្រឹកថ្ងៃទី១៩ ខែតុលា ២០២០ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕