សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

0
944

សៀមរាប ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងថវិកាជាង៩លានដុល្លារអាមេរិកទៀតសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់  ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុក្ខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City)ផងដែរ។

ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានាសំដៅកាត់បន្ថយការ កកស្ទះចរាចរណ៍ ក្នុងទីក្រុង ជំរុញ កំណើនដឹកជញ្ជូនទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ -អន្តរជាតិ ដែលជា ការរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើននៅក្រោយវិបត្តិនៃ ជំងឺកូវីដ-១៩៕

Facebook Comments
Loading...