អ្នកស្រីទ្រី សុផានិត ដួលសន្លប់ពេលមកដល់ក្លោងទ្វារតុលាការ

0
966

ភ្នំពេញ ៖ អ្នកស្រី ទ្រី សុផានិត បងស្រីរបស់ទ្រី ដាណា បានដួលសន្លប់ពេលសមត្ថកិច្ចបញ្ជូនមកដល់ក្លោងទ្វារតុលាការ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាដំបូងរាជធានីភ្នំពេញ។

​អ្នកស្រី ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចាប់ខ្លួននៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។ លុះដល់រសៀលថ្ងៃនេះជនសង្ស័យ ទ្រី សុផានិត ត្រូវបញ្ជូនមកតុលាការ ហើយពេលឆ្លងផុតក្លោងទ្វារក៏ដួលសន្លប់ បន្ទាប់មកសមត្ថកិច្ចក៏សម្រេចបញ្ជូនទៅទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕

Facebook Comments
Loading...