ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំនេះ សម្រេចបានជាង៨០ភាគរយ នៃផែនការសរុបជាង២លានហិកតា

0
5710

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ សម្រេចបានជាង៨០ភាគរយ នៃផែនការសរុបជាង២លានហិកតា គិតត្រឹមខែ កក្កដា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតត្រឹមខែ កក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស លើផ្ទៃដីចំនួនជាង២លានហិកតា ស្មើនឹង៨៨,១៧% នៃផែនការ លើសឆ្នាំមុនចំនួន ១៦៤ ពាន់ហិកតា។

ក្នុងនោះ ការប្រមូលផលស្រូវស្រាល សម្រេចបានជាងចំនួន៦៣ពាន់ហិកតា ដោយទទួលបរិមាណផលស្រូវសរុបចំនួន២៦៧ ពាន់តោន។ មានចំនួន៩ខេត្ត ដែលស្រូវទទួលរងការខូចខាត ដោយគ្រោះរាំងស្ងួត សរុបចំនួនជាង១០២ពាន់ហិកតា ស្មើនឹង៨,៥៤%។

ចំណែកការនាំចេញអង្ករវិញ ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ មានការនាំចេញអង្ករបានចំនួន៤២៦ ០៧៣តោន និងនាំចេញទៅកាន់ទិសដៅចំនួន ៥៧ប្រទេស ក្នុងនោះប្រទេ​ស​ចិនលំដាប់ទី១ បារាំងទី២ ហ្គាបុង ទី៣ ម៉ាឡេស៊ីលទី៤ អូស្ត្រាលីទី៥ ហូឡង់ ទី៦ វៀតណាមទី៧ អង់គ្លេស​ទី៨ ប្រ៊ុយណេទី៩ និងប្រទេសប៉ូឡូញលំដាប់ទី១០ ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញអង្ករមានចំនួន ៧០ក្រុមហ៊ុនផងដែរ៕

Facebook Comments
Loading...