សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ បន្ដរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ដេប៉ូលក់ត្រី នៅផ្លូវជាតិលេខ៥ឡើងវិញ

0
18526

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើដល់រដ្ឋបាលខណ្ឌបន្ដការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវជាតិលេខ៥ នៅតំបន់ដេប៉ូលក់ត្រី ក្នុងសង្កាត់ព្រែកព្នៅ ឲ្យបានល្អប្រសើរឡើងវិញ ព្រោះបន្ទាប់ពីអាជ្ញាធរបានបន្ធូរដៃក្នុងអំឡុងពេលការរីករាលដាលនៃមេរោគកូវីដ១៩នោះ នៅតំបន់នេះ មានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ដោយអ្នកលក់ត្រីមួយចំនួន បានយកទ្រូងផ្លូវនិង ចិញ្ចើមផ្លូវធ្វើជាកន្លែង លក់ដូរនិងការចតយានជំនិះ ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ មានការរអ៊ូរទាំដោយសារតែ កកស្ទះចរាចរណ៍។

លោក ជា ខេម៉ា អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា ការងារនេះមានភាពស្មុគស្មាញ ទាល់តែរដ្ឋបាលខណ្ឌសហការជាមួយផ្នែកជលផល ត្រួតពិនិត្យលើដេប៉ូលក់ត្រីទាំងនោះ បើគ្មានច្បាប់ ត្រូវបិទបញ្ឈប់ការលក់ដូរតែម្ដង។បើគាត់ចង់បន្ដការលក់ដូគឺត្រូវសុំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ បើមិនធ្វើអញ្ចឹងទេ គាត់មិនស្ដាប់អាជ្ញាធរឡើយ។

ចំណែកលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ១៩ រដ្ឋបាលខណ្ឌបានបន្ធូរដៃ ធ្វើឲ្យសណ្ដាប់ធ្នាប់ នៅតំបន់នេះ មានស្ថានភាពអាក្រក់ បង្កឲ្យមានភាពរញ៉េរញ៉ៃ កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ លោកបានបញ្ជាក់ថាដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះឲ្យបានប្រសើរ ចំពោះម្ចាស់ដេប៉ូដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានទីតាំងនៅខាងក្នុង មិនបង្កផលប៉ះពាល់ដល់ការធ្វើចរាចរ យើងឲ្យគាត់ធ្វើអាជីវកម្មធម្មតា ប៉ុន្ដែសម្រាប់អ្នកដែលគ្នានទីតាំង គឺត្រូវប្ដូរទៅលក់នៅខាងលិចស្ពានព្រែកព្នៅ ព្រោះទីតាំងនេះយើងបានសម្របសម្រួល និងរៀបចំរួចហើយទីនោះមិនបង្កបញ្ហាដល់ចរាចរឡើយ។ ប៉ុន្ដែអ្នកដែលគ្មានទីតាំងលក់ ភាគច្រើនគឺជានាក់លក់កញ្ច្រែង។ លោកបន្ដថាលើការងារនេះយើងមិនដកថយទេ ព្រោះលោកអភិបាលរាជធានីបានយល់ព្រមហើយ គឺយើងរង់ចាំតែការអនុញ្ញាតិជាលាយល័ក្ខអក្សរ យើងនឹងចាប់ផ្ដើមអនុវត្តតែម្ដង។

លោកអភិបាលខណ្ឌបន្តថា បញ្ហាសណ្តាប់ធ្នាប់តាមផ្លូវ និងតាមផ្សារដែលបង្កភាពបាត់សណ្ដាប់ធ្នាប់ នាពេលបច្ចប្បន្ន អាជ្ញាធរមិនដែល ប្រងើយកន្តើយនោះឡើយ គឺតែងបានរៀបចំជាប្រចាំ និងធ្លាប់ប្រមូលយកសម្ភារៈលក់ដូររំលោភលើទ្រូងផ្លូវ ទៅសាលាខណ្ឌដើម្បី ហៅម្ចាស់មកធ្វើការអប់រំណែនាំផងដែរ។ ហើយកាលពីខែមីនាកន្លងទៅនេះ ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ រដ្ឋបាលខណ្ឌបានចុះកាត់ស្លាកដែលដាក់ រំលោភលើផ្លូវ បានចំនួន៥១ស្លាក និងតាមផ្លូវ១៥១ បានចំនួន៣៩ស្លាក និងចុះកាត់ស្លាក នៅផ្លូវ៤២ បានមួយចំនួនផងដែរ៕

Facebook Comments
Loading...