កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាកបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុច ភូមិតំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរមកពីកើតទៅលិច លុះបើកមកដល់ចំណុចផ្លូវកោង ក៍ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1D-9304 បើកបរដោយឈ្មោះ សៀវ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែង។
ប្រភពបន្តថាក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារវិញនិងធ្វើការស្រាវជ្រាវរកអ្នកបើករថយន្តបង្កយកមកផ្តន្ទាទោសតាមច្បាប់៕