ភ្នំពេញ ៖ កីឡាករដែលកំពុងមានប្រជាប្រិយខ្លាំង វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡើងដណ្តើមប្រាក់លាននិងកីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ខណៈកីឡាការលី ភា អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ ឡើងដណ្តើមប្រាក់លាននិងកីឡាករុសខ សុវណ្ណ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០។
កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាកររឿង សោភ័ណ្ឌ ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ បើទោះបីជា វង្ស វិឆ័យ មិនធ្លាប់ជួបរឿង សោភ័ណ្ឌ ក៍ពិតមែនតែការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះច្រើនលើសោភ័ណ្ឌ ព្រោះបច្ចប្បន្នកីឡាករកម្ពុជាម្នាក់នេះកំពុងឡើងកូដ វាយកម្រចាញ់គូប្រកួតណាស់ ពិសេសជួបជាមួយកីឡាករថៃ។
កីឡាកររឿង សោភ័ណ្ឌ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកជាច្រើនផងដែរ។ រឿង សោភ័ណ្ឌ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេ ក៍ល្អហើយខ្លាំងផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រឿង សោភ័ណ្ឌ ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លីវាយមិនសូវដល់គូប្រកួត ហើយបើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់ជាយ៉ាប់របស់គេមិនខាន តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។ ចាំមើលរវាងរឿង សោភ័ណ្ឌ និងវង្ស វិឆ័យ នរណាទទួលបានប្រាក់លាន?។
ដោយឡែកកីឡាករលី ភា ក៍ត្រូវបានអ្នកតាមដានលើកឡើងថា មានភាគរយឈ្នះច្រើនជាងលើសុខ សវណ្ណ បើទោះជាពួកគេមិបធ្លាប់ជួបគ្នាក៍ដោយ ព្រោះការវាយរបស់លី ភា កន្លងមកគេខ្លាំងខាស្នៀតជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។
ចំណែកកីឡាករសុខ សវណ្ណ ប្រហែលជាពិបាកយកឈ្នះលើលី ភា ព្រោះសុខ សុវណ្ណ ជាកីឡាករជើងចាស់ក៍ពិតមែនតែគេមិនសូវមានស្នៀតអ្វីពិសេសសម្រាប់ផ្តួលគូប្រកួតឡើយ ហើយកម្លាំងស៊ុហ្វមិនអាចធានាបាន៥ទឹកទៀត។ ចាំមើលកីឡាករ សុខ សុវណ្ណ ជាអ្នកទទួលបានប្រាក់លាន ឬកីឡាករលី ភា?៕