កូនផ្សោតមានប្រវែង១ម៉ែត្រ និងមានទម្ងន់ជាង១៣គីឡូក្រាមបានស្លាប់ដោយមិនបានដឹងពីមូលហេតុ

0
946

ស្ទឹងត្រែង ៖ ជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលផ្សោតទន្លេមេគង្គមួយក្បាលទៀត បានងាប់នៅអន្លង់ផ្សោតព្រះរំកិល ដោយមិនបានដឹងពីមូលហេតុ។ កូនផ្សោតនេះ មានប្រវែង១ម៉ែត្រ និងមានទម្ងន់ជាង១៣គីឡូក្រាម ស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជិតព្រំប្រទល់ទឹកដី នៃប្រទេសឡាវ។ នេះបើតាមការឱ្យដឹងរបស់សហគមន៍ផ្សោតព្រះរំកិល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

សហគមន៍ផ្សោតព្រះរំកិលថា នេះជាកូនត្រីផ្សោតទី៣ ហើយដែលបានស្លាប់នៅអន្លងផ្សោតព្រះរំកិល ដោយមិនបានដឹងពីមូលហេតុ ត្រូវបានប្រគល់ទៅឱ្យអង្គការ (W​WF) យកទៅធ្វើកោសល្យវិច្ឆ័យ ដើម្បីឱ្យដឹងពីមូលហេតុ នៃការស្លាប់របស់កូនផ្សោត។

មន្ត្រីសហគមន៍ផ្សោតព្រះរំកិលបានឱ្យដឹងថា កូនត្រីផ្សោតដែលស្លាប់នេះ មានប្រវែង១ម៉ែត្រ និងមានទម្ងន់ជាង ១៣គីឡូក្រាម ត្រូវបានឃើញស្លាប់ នៅអន្លង់ផ្សោតព្រះរំកិល កាលពីវេលាម៉ោង ៥៖០០ល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នៅតាមដងទន្លេមេគង្គលើ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជិតព្រំប្រទល់ទឹកដី នៃប្រទេសឡាវ។

មន្ត្រីសហគមន៍ផ្សោតព្រះរំកិលបានបន្តថា ការស្លាប់កូនត្រីផ្សោតនេះគ្មានអ្នកណាដឹងពីមូលហេតុនោះទេ នៅល្ងាចថ្ងៃ១១ ខែឧសភា មន្ត្រីឆ្នាំទន្លេបានឃើញមេត្រីផ្សោត២ ទៅ៣ក្បាល ចេះតែហែលងើបឡើងងើបចុះ រុញច្រានគ្នាទៅវិញទៅមក គៀងកូនវាដែលស្លាប់ ទើបមន្ត្រីជំនាញនាំគ្នាចេញទូកទៅមើលទើបដឹងថាជាកូនផ្សោតស្លាប់។

សូមបញ្ជាក់ថា នេះជាកូនត្រីផ្សោតទី៣ ហើយបានស្លាប់នៅអន្លងផ្សោតព្រះរំកិល ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

Facebook Comments
Loading...