ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យឡើងតតាំងនិងកីឡាករមុត ខ្លឹមខ្មៅ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ខណៈកីឡាករថៃ រ៉េត អ្នកប្រដាល់មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ជួបកីឡាករថា សារុន អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ នាថ្ងៃអាទិត្យទី១០ ខែឧសភា ឆ្នាំ២០២០ នេះនៅលើសង្វៀនទួរទស្សន៍ស៊ីអិនស៊ី។
ការជួបគ្នារវាងកីឡាករពុទ្ធ ឆាយរិទ្ធី និងកីឡាករមុត ខ្លឹមខ្មៅ នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធីគេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ។
ចំណែកមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយរាងឆេវឆាវនិងកាចបន្តិច ហើយវាយមិនដែលយោគយល់គូប្រកួតណាឡើយ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹមខ្លៅ ជាអ្នកឈ្នះឫកីឡាករពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះនោះឡើយ ព្រោះរវៀងជើងខ្លាំងទាំងពីរនេះ បើនណាឈ្នះ ក៏ឈ្នះទាំងវេទនាខ្លួនដែរ។
ដោយឡែកកីឡាករថៃ រ៉េត ត្រូវជួបជាមួយកីឡាករថា សារុន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះថៃរ៉េត ជាកីឡាករស្រករក្រោយ រីឯថា សារុន ជាកីឡាករជើងចាស់។ កីឡាករថា សារុន កន្លងមកគេជាអ្នកប្រដាល់ដែលល្អស្នៀតដៃ និងស្នៀតជើងទាត់ ប៉ុន្តែចិត្តរបស់គេតូចបន្តិច ហើយមួយរយៈនេះគេអន់ខាងកម្លាំងស៊ុហ្វទៀតផង។
ចំណែកកីឡាករថៃ រ៉េត គេជាអ្នកប្រដាល់ស្រករក្រោយមែនតែគេមានវិជ្ជាគុនវាយចេញល្ងទាំងដៃទាំងជើងតែម្តង។ អ្នកតាមដានកីឡាប្រដាល់អះអាងថា ការវាយរបស់ថៃ រ៉េត កន្លងមកចលនាវាយលុករបស់គេលឿន ជាពិសេសស្នៀតកណ្តាប់ដៃតែម្តង អាចវាយចេញបានត្រង់ហើយចំទិសដៅបានល្អទៀតផង។ ចាំមើលរវាងថា សារុន និងថៃ រ៉េត នេះនរណាជាអ្នកឈ្នះ?៕