បន្ទាប់ពីធ្លាប់ចាញ់ទាំងមិនអស់ចិតមកពុទ្ធ ឆាយរិទ្ធី សុំសងសឹកឡៅ ចន្ទ្រា ម្តងទៀត ខណៈវ៉ាន់ វឿន សាកកណ្តាប់ដៃនិងខេម ចាន់

0
1184

ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សពោធិសែនជ័យឡើងសងសឹកកីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់មកពីក្លិបកងពលតូច​ទ័ពឆ័ត្រ​យោង​៩១១ ខណៈវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងសាកកណ្តាប់ដៃនិងកីឡាករខែម ចាន់ អ្នកប្រដាល់មកពីក្លិបកងពលតូច​ទ័ពឆ័ត្រ​យោង​៩១១នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

កីឡាករឡៅ ចន្ទ្រា ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី មកសងសឹកនេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំង២ធ្លាប់ជួបគ្នាម្តងដោយកាលប្រមាណជាង២ឆ្នាំមុន ឡៅ ចន្ទ្រា បានយកឈ្នះលើពុទ្ធ ឆាយរិទ្ធី ដោយពិន្ទុ។ បច្ចប្បន្ននេះកីឡាករឡៅ ចន្ទ្រា ប៉ុន្មាន៥​ប្រកួត​ចុង​ក្រោយ​នេះ​ ត្រូវបាន​គេ​កត់​សម្គាល់​ថា​ប្រកួត​ឈ្នះ​រហូត​​នៅ​លើ​សង្វៀន​ប្រដាល់​ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​​កំពុង​នាំ​គ្នា​យល់​ថា​ ឡៅ ចន្ទ្រា គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុ​ពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញម្តងៗនោះ។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធី គេជាអ្នក​ប្រដាល់​ដែលមាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។​ ចាំមើលកីឡាករពុទ្ធ ឆាយរិទ្ធី អាចសងសឹកលើកីឡាករឡៅ ចន្ត្រា បានឬយ៉ាងណា?។

ដោយឡែកកីឡាករខេម ចាន់ ជួបជាមួយកីឡាករវ៉ាន់ វឿន ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀន។ កីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត ជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ វាយចេញចូលរហ័ស គូប្រកួតល្មមៗមិនអាចឈរជើងជាមួយគេបាន៥ទឹកនោះទេ។ កូនសិស្សលោកគ្រូ ហង់ សឿន ធ្លាប់ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនឆ្នាំកន្លងមកហើយ ហើយបច្ចប្បន្នកំពុងមានប្រជាប្រីយ៍ភាព បានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗនោះ។

ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អផងដែរ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះលើកីឡាករខេម ចាន់ បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ជាអ្នកឈ្នះ​ឬក៍ខេម ចាន់?៕

Facebook Comments
Loading...