ភ្នំពេញ ៖ កីឡាករតាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងដណ្តើមជើងឯក និងកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ចំណែកកីឡាករថៃពីររូបមានកីឡាករវិតថៈយ៉ាយុទ្ធ ឡើងដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងកីឡាករផេតក្រៀងក្រៃ នាថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
កីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបបាង កាយាក ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយកីឡាករទាំងពីរនាក់នេះគឺជាអ្នកឈ្នះដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក។ តាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
តាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។
ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបាង កាយាក និងកីឡាករតាញ់ មករា នរណាជាអ្នកឈ្នះទទួលបានជើងឯកនេះ?។
ដោយឡែកកីឡាករថៃវិតថៈយ៉ាយុទ្ធ ជួបកីឡាករថៃផេតក្រៀងក្រៃ ដណ្តើមយកលេខ៣នេះ ត្រូវអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ការជួបគ្នារវាងកីឡាករថៃដូចគ្នានេះមិនសូវល្អមើលឡើយព្រោះ ពួកគេវាយមិនអស់ពីសមត្ថភាព ដោយគួកគេជិះឡានមកជាមួយគ្នា ដេកជាមួយគ្នាដូចនេះការចាញ់ឈ្នះអាចអោយកីឡាករណាម្នាក់ឈ្នះក៍បានដែរ គឺការប្រកួតលុមៗមកយកតែប្រាក់រង្វាន់ត្រឡប់ទៅស្រុកវិញប៉ុណ្ណោះ។ ចាំមើលកីឡាករម្នាក់ណាជាអ្នកឈ្នះ?៕