ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ទទួលបានការកោតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន

0
1062

សេអ៊ូល-កូរ៉េខាងត្បូង ៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសជួបសំ​ណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា បានថ្លែងកោតសរសើរឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានប្រែខ្លួនពីពលករនៅកូរ៉េខាងត្បូង ក្លាយជាអ្នករកស៊ីលើវិស័យអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសសើរយ៉ាងដូច្នេះថា៖ «មិនមែនគ្រាន់តែមកយកប្រាក់ខែទេ ក៏ប៉ុន្តែនៅពេលដែលក្មួយៗ ធ្វើការនៅទៅនេះ ក្មួយៗនឹងមានជំនាញ ហើយជំនាញនោះ ហើយដែលផ្តល់ឱ្យក្មួយៗ អាចនឹងទៅរកការងារធ្វើ បើក្រុមហ៊ុនកូរ៉េទៅ ក្មួយៗអាចមានការងារធ្វើជាមួយក្រុមហ៊ុនកូរ៉េ នៅស្រុកខ្មែរទៀត ឬក៏អាចបង្កើតការងារដែលមានមួយចំនួន បានទទួលជោគជ័យបន្ទាប់ ពីបញ្ចប់ការងារ ជាពលករនៅឯកូរ៉េនេះ ដើម្បីបង្កើតមុខរបរនៅក្នុងប្រទេស។ ឡេង ណាវ៉ាត្រា អីឡូវក្លាយជាម្ចាស់អចលនទ្រព្យយ៉ាងធំ ដែលសន្សំលុយតិចតួចដែលបានពីកូរ៉េ ទៅទិញដីធ្លី អាឡូវដីធ្លីនោះវាកាក់កប់ អញ្ចឹងវាទៅជាអ្នកជំនួញអចលនទ្រព្យមួយដ៏ធំនៅទីនោះទៅ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្មួយៗដែលជាកម្មករ កម្មការិនី ដែលបានមកបម្រើការងារនៅក្នុងប្រទេសកូរ៉េ មកពីកត្តាដែលប្រទេសកូរ៉េ ខ្វះកម្លាំងពលកម្មពិប្រាកដ ដែលតម្រូវឱ្យនាំពលករពីបណ្តាប្រទេសនានា មកបំពេញការងារ ដូច្នេះ ហើយវាជាភ័ព្វសំណាងពេល ដែលកម្មករ-កម្មការិនី របស់កម្ពុជា បានមកធ្វើការនៅទីនេះដោយស្របច្បាប់ ជាពិសេសកម្មករ-កម្មការិនីខ្មែរ បានគោរពច្បាប់ និងមានសីលធម៌ល្អ ដែលត្រូវបានទទួលការកោតសសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងថៅកែជាច្រើនជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ពលករខ្មែរដែលរស់នៅមិនស្របច្បាប់នៅកូរ៉េខាងត្បូងប្រមាណជា ៧ពាន់នាក់ ហើយពលករខ្មែរមិនស្របច្បាប់មួយចំនួន ដើម្បីបានរស់នៅកូរ៉េខាងត្បូង គឺប្រឹងជេររាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ត្រូវមើលឱ្យឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង អរគុណណាស់ ដល់ថៅកែកូរ៉េ ដែលបានវាយតម្លៃខ្ពស់ ចំពោះពលកម្មពលករខ្មែរ បន្ថែមពីនេះសម្តេចក៏បានស្នើសុំថៅកែកូរ៉េខាងត្បូង ជួយមើលថែទាំ ចំពោះពលករខ្មែរ មិនតែប៉ុណ្ណោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមិនមែនឱ្យពលករទៅធ្វើការនៅក្រៅប្រទេស ហើយឱ្យធ្វើបាបសង្កត់សង្កិននោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមទៀតថា បានជារាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យបង្កើនចំនួនពលកររបស់កម្ពុជា ឱ្យទៅធ្វើការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ថែមទៀត គឺដើម្បីម្ខាងដោះស្រាយការងារធ្វើ ហើយម្ខាងទៀតទទួលយកបច្ចេកវិទ្យាថ្មី សម្រាប់នាំយកទៅបង្កើតការងារថ្មីជូនដល់ប្រជាជនកម្ពុជាផងដែរ។

គួរជម្រាបថា ថ្មីៗនេះដែលនៅក្នុងកម្មវិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូប្រមាណជាង ៣ពាន់នាក់ សម្ដេច ហ៊ុន សែន ក៏បានលើកយកពាក្យកោតសរសើរ ចំពោះជីវប្រវត្តិ និងការតស៊ូយ៉ាងស្វាហាប់ របស់តារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា ដែលខិតខំប្រឹងប្រែងពីពលករ ធ្វើការនៅប្រទេសកូរ៉េ សន្សំថវិកាទិញបានដីធ្លី រហូតមានឈ្មោះជាឧកញ៉ា បានក្លាយទៅជាអ្នកជំនួញដ៏មានសមត្ថភាព និង អាចធ្វើជាម្ចាស់បុរី ដ៏ធំរាប់រយល្វែង ។

ជាមួយនឹងការលើកឡើង នូវភាពល្អប្រសើរក្នុងវិស័យដីធ្លីខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឧទាហរណ៍ពីលោក ឡេង ណាវ៉ាត់ត្រា ដែលកំពុងមានការវិវឌ្ឍន៍ខ្លួន ក្លាយជាឧកញ៉ាវ័យក្មេង និងព្រមទាំងមានការតស៊ូ ជួញដូរដីធ្លី ដើមទុនតិចតួច រហូតក្លាយជាម្ចាស់បុរីដ៏ធំ។

ទន្ទឹមនឹងនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅតែមានការលើកសរសើរពីបុគ្គលជោគជ័យ លោក ឡេង ណាវ៉ាត់ត្រា ដែលមិនត្រឹមតែមានចិត្តអំណត់តស៊ូ ធ្វើការប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្ត ចូលរួមជួយកិច្ចការងារសប្បុរសធម៌ និងធ្លាប់ផ្ដល់ថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង ដោយសម្ដេចនាយករដ្ឋមន្រ្ដី ពិតជាមានសេចក្ដីរំភើប រីករាយជាខ្លាំង ចំពោះទង្វើសប្បុរសធម៌ បានចូលរួមចំណែកជាផ្នែកមួយ ជួយសង្គមបែបនេះ៕

Facebook Comments
Loading...