ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងជម្រះបញ្ជីជាមួយកីឡាករថៃផ្លាំងនុម ខណៈកីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឡើងសងសឹកនិងកីឡាករថៃកងមឿងឆាង លើសង្វៀននាខេត្តកំពុងចាម នាល្ងាចថ្ងៃសៅរ៍ទី១៩ ខែមករា ឆ្នាំ២០២០នេះ។
កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។
កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃផ្លាំងនុម ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តងកាលចុងឆ្នាំ២០១៩ដោយការប្រកួតទាំង៥ទឹកគឺស្មើរពិន្ទុគ្នា។ ចាំមើលជួបគ្នាលើកនេះ រឿង សោភ័ណ្ឌ ជាអ្នកឈ្នះឬកីឡាករថៃផ្លាំងនុម?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡៅ ចន្ទ្រា មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡៅ ចន្ទ្រា ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករ កីឡាករថៃកងមឿងឆាង នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡៅ ចន្ទ្រា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះជួបគ្នា៤លើកកន្លងមកឡៅ ចន្ទ្រា ឈ្នះ២ ស្មើរ១ និងចាញ់១។ ចាំមើលលើកទី៥នេះឡៅ ចន្ទ្រា ជាអ្នកឈ្នះឬកងមឿងឆាង?៕