លោកសុខ សម្បត្តិ ជម្រុញឲ្យគណៈបញ្ជាការសង្កាត់ទាំង៥ទប់ស្កាត់ បង្ក្រាបល្បែងស៊ីសង សកម្មភាពគ្រឿងញៀន ភ្

0
1053

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែ ធ្នូនេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានជម្រុញឲ្យគណៈបញ្ជាការសង្កាត់ទាំង៥ កងកំលាំងមានសមត្ថកិច្ច បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន ដោយផ្តោតជាសំខាន់លើការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន បញ្ហាទាំងនេះហើយ ជាប្រភពបណ្ដាល ធ្វើឲ្យកើតមានបទល្មើសផ្សេងៗ។

លោកបានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាអាទិភាព ដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះបើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្មក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបានប្រសើរ ហើយការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ 

ក្នុងនោះផងដែរប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានជម្រុញឲ្យគណៈបញ្ជាការឯកភាព សង្កាត់និមួយៗត្រូវយកចិត្តទុកដាក់ពង្រឹងលើការអនុវត្ត គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចពិសេស ត្រួតពិនិត្យ តាមដានសកម្មភាព ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទូហ្គេមបាញ់ត្រី ដែលសកម្មភាពទាំងនេះ នៅលើគោកមិនអាចលាក់ជិតឡើយ។ ចំពោះល្បែងហ្គេមអន់ឡាញសូមឲ្យសង្កាត់ប៉ុស្ដិ៍ បើមានក្នុងមូលដ្ឋានរបស់ខ្លួន ស្រង់ស្ថិតិ បញ្ជូនមករដ្ឋបាលខណ្ឌក្នុងរយៈពេល២ថ្ងៃ ដើម្បីខណ្ឌធ្វើការបូកសរុបបញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ។ ផ្ទុយទៅវិញបើមានហើយមិនរាយការណ៍ ពេលថ្នាក់រាជធានី និងក្រសួងចុះមក រកឃើញ នោះសង្កាត់និងប៉ុស្ដិ៍ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ ជាមួយនេះត្រូវបង្កើនការត្រួតពិនិត្យ ដោយប៉ុស្ដិ៍និមួយៗ និងសង្កាត់និមួយៗត្រូវកំណត់តំបន់គោលដៅដែលមានការសង្ស័យត្រូវដាក់ផែនការចុះពិនិត្យរដ្ឋបាល១សប្ដាហ៍ ម្ដង ដែលគាំទ្រដោយកំលាំង របស់អធិការដ្ឋាន និងកងរាជអាវុធហត្ថខណ្ឌនិងបន្ដការល្បាតផងដែរ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព តាមមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។

ដោយឡែកលើបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ អង្គប្រជុំបានផ្ដោតសំខាន់ទៅលើតំបន់ដេប៉ូលក់ត្រីតាមដងផ្លូវជាតិលេខ៥ ក្នុងចំណុចភូមិពោធិ៍មង្គល ក្នុងសង្កាត់ព្រែកព្នៅ ដែលមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពិសេសនៅពេលព្រឹកព្រលឹម មានអ្នកលក់ត្រី និងរថយន្ដដឹកត្រីចតដាក់ត្រីគ្មានសណ្ដាប់ ធ្នាប់នៅលើទ្រូងផ្លូវ បានបង្កនូវការកាកស្ទះក្នុងការធ្វើចរាចរ និងធ្វើឲ្យខូចបរិស្ថានអនាម័យផងដែរ។

បញ្ហានេះលោក សុខ សម្បត្តិ បានណែនាំឲ្យលោកអភិបាលរងដែលទទួលខុសត្រូវ ជាថ្មីម្ដងទៀត ត្រូវអញ្ជើញអ្នកលក់ត្រី​ឬដេប៉េលក់ត្រីដែលគ្មានទីតាំងចូលជ្រៅទៅក្នុង មកសាលាខណ្ឌដើម្បីធ្វើការណែនាំឲ្យឈប់ការលក់នៅលើទ្រូងផ្លូវ។ ជាមួយនេះរដ្ឋបាលខណ្ឌក៏ត្រូវចចារជាមួយម្ចាស់ផ្សារដែលទើបសាងសង់ថ្មី ដែលមានទីតាំងមិនប៉ះពាល់ចរាចរ ដើម្បីសម្រួលពីថ្លៃឈ្នួលជួលតូបលក់ក្នុងផ្សារនោះឲ្យបានសមស្របដើម្បី ឲ្យបងប្អូនអាចទៅលក់នៅទីនោះបានដោយពេញចិត្ត។ តែបើពួកគាត់នៅតែបង្កភាពគ្មានសណ្ដាប់ធ្នាប់នៅលើទ្រូងផ្លូង តទៅទៀតរដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការក្តៅហើយ៕

Facebook Comments
Loading...