កីឡាករកម្ពុជា ជួបកីឡាករកម្ពុជា ខណៈកីឡាករថៃ ជួបកីឡាករថៃដណ្តើមគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ

0
795

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង អេលីត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ជួបកីឡាករល្អសាច់សេក គឹមរួន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ រីឯកីឡាករថៃជួបកីឡាករថៃដូចគ្នា គឺហ្វាស៊ីថង ប.យុទ្ធភូមិ ជួបរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នៅ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ​២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង អេលីត ភក្តី ជួបប្រកួតជាមួយកីឡាករសេក គឹមរួន ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ការជួបគ្នារវាងកីឡាករទាំងពីរពិតជាស្វិតស្វាញជាមិនខាន ព្រោះទំរាំបានឡើងមកដល់វគ្គនេះ កីឡាករម្នាក់ម្នាក់ៗមានការប្រកួតពិតជាមិនធម្មតាឡើយ ដែលបានយកឈ្នះលើកីឡាករថៃរៀងៗខ្លួន តាំងពីវគ្គជម្រុះកន្លងមក។

កីឡាករអេលីត ភក្តី បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​អេលីត ភក្តី មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​

ចំណែកកីឡាករ​សេក គឹមរួន ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើ​យ​គេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ ចាំមើលរវាងកីឡាករ​សេក គឹមរួន និង​កីឡា​ករអេលីត ភក្តី នណាជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?។

ដោយឡែកកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ ជួបរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះត្រូវអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ការជួបគ្នារវាងកីឡាករថៃដូចគ្នានេះមិនសូវល្អមើលឡើយព្រោះ ពួកគេវាយមិនអស់ពីសមត្ថភាព ដោយគួកគេជិះឡានមកជាមួយគ្នា ដេកជាមួយគ្នាដូចនេះការចាញ់ឈ្នះអាចអោយកីឡាករណាម្នាក់ក៍បាន។ ចាំមើលកីឡាករម្នាក់ណាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?៕

Facebook Comments
Loading...