ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សពោសែនជ័យកីឡា ដឹកដៃកីឡាករសិស្សប្អូនពុទ្ធ សំបូរ អ្នកប្រដាល់ពុទ្ធសេរីវង្សពោសែនជ័យកីឡា ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃណាត់តាផុន គៀតអារ៉ន និងកីឡាករទួនប៉េ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
គូរប្រកួតដែលឡើងវាយរាល់សប្តាហ៍គឺកីឡាករមឿង សុខហ៊ុយ ហើយសប្តាហ៍នេះត្រូវឡើងដណ្តើមប្រាក់លាន កីឡាករថៃណាត់តាផុន គៀតអារ៉ន ក្នុងប្រភេទទម្ងន់៦៥គីឡុក្រាម។ កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។ ចំណែកមឿង សុខហ៊ុច មួយរយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវបានគេមើលឃើញថា ឡើងប្រកួតស្ទើររាល់សប្តាហ៍តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយអ្នកប្រដាល់បរទេស។
កន្លងមកមឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងជង្គង់ របស់គេខ្លាំងណាស់អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ មួយវិញទៀតពេលប្រកួតរាល់សប្តាហ៍ពេក ស្នៀតប្រកួតរបស់គេមិនរីកចំរើននោះឡើយ។ ចាំមើលមឿង សុខហ៊ុច និងណាត់តាផុន គៀតអារ៉ន នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។
ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាកថៃទួនប៉េ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាងនេះទៅទៀតគេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីសង្វៀនកម្ពុជា នាឆ្នាំ២០១៩នេះទៀតផង។ ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺកណ្តាប់ដៃ ជើងទាត់ និងស្នៀតកាច់ផ្តួល។
រីឯការប្រកួតរបស់ពុទ្ធ សំបូរ កន្លងមកត្រូវបានអ្នកតាមដានលើកឡើងថា គេមានកម្លាំងស៊ុហ្វខ្លាំង កលល្បិចប្រកួតល្អ និងមានផ្លែល្អ ហើយមួយទៀត សំបូរមានសមត្ថភាពប្រដាល់ខ្ពស់ថែមទៀត ការប្រកួតរាល់លើកបើដឹងពីចំណុចខ្សោយដៃគូរហើយគឺគេវាយផ្តាច់ហើយ។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏មិនអាចធ្វេសប្រហែសឬមើលស្រាលទួនប៉េ បានដែរ ដោយត្រូវប្រុងប្រយ័ត្នជានិច្ចបើប្រហេច្បាស់ជាចាញ់មិនខានខាន។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាចយកឈ្នះលើកីឡាករថៃទួនប៉េ បានប្រាក់លានដែរឬយ៉ាងណា? ៕