ធន់ ចាន់តាក់ ឡើងដណ្តើមលេខ១និងកីឡាករថៃ ខណៈកីឡាករថៃដូចគ្នាដណ្តើមលេខ៣ ត្រូវបានអ្នកតាមដានលើកឡើងថាមិនល្អមើល

0
769

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមន៍កីឡាប្រ​ដាលក្រសួងការពារជាតិ ជួបកីឡាករថៃភេតណងប៉ី គាតបានឌិតយីម ដណ្តើមយកលេខ១ ខណៈកី​ឡា​ករថៃដូចគ្នាដណ្តើមយកលេខ៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ រីឯកីឡាករជើងខ្លាំងកម្ពុជាឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ចំបងស្វាគមន៍កីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក់ មកសុំសងសឹក នៅ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ ជួបប្រកួតជាមួយកីឡាករថៃភេតណងប៉ី គាតបានឌិតយីម ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ។ ការជួបគ្នារវាងកីឡាករទាំងពីរពិតជាស្វិតស្វាញជាមិនខាន ព្រោះទំរាំបានឡើងមកដល់វគ្គនេះ កីឡាករម្នាក់ម្នាក់ៗពិតជាមិនធម្មតាឡើយ កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាជាច្រើននាក់មកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ ចាន់តាក់ មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ ចាំមើល​កី​ឡាក​រក្នុងការប្រកួតនេះ​ធន់ ចាន់តាក់ ឬកីឡាករថៃភេតណងប៉ី គាតបានឌិតយីម ជាអ្នកឈ្នះទទួលបានខ្សែក្រវាត់នេះ?​។

ដោយឡែកកីឡាករថៃនុមស្ទឹក ស.រ៉ូតឆៃ ជួបកី​ឡា​ករថៃដូចគ្នាស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមយកលេខ៣ នេះត្រូវអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ការជួបគ្នារវាងកីឡាករថៃដូចគ្នានេះមិនសូវល្អមើលឡើយព្រោះ ពួកគេវាយមិនអស់ពីសមត្ថភាព ដោយគួកគេជិះឡានមកជាមួយគ្នា ដេកជាមួយគ្នាដូចនេះការចាញ់ឈ្នះអាចអោយកីឡាករណាម្នាក់ក៍បាន។ ចំណែកកីឡាករឈុត សេរីវ៉ាន់ថង កីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក់ មកសុំសងសឹកនេះក៍ត្រូវបានអ្នកតាមដានលើកឡើងផងដែរ ថាកីឡាករថៃមិនអាចសងសឹកលើកីឡាករកម្ពុជាបានទេ ដោយសារកីឡាករវ័យក្មេងឈុត សេរីវ៉ាន់ថង កំពុងវាយឡើងនាពេលបច្ចប្បន្ននេះ ហើយគេចាប់បានក្បាច់កីឡាករថៃម្នាក់នេះហើយដោយគេពូកែបានតែខាងកណ្តាប់ដៃប៉ុណ្ណោះ។ ចាំមើលកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក់ អាចសងសឹកបានលើកីឡាករឈុត សេរីវ៉ាន់ថង បានដែរឬយ៉ាងណា?៕

Facebook Comments
Loading...