អង្គព្រះកឋិនទាន របស់ព្រះមហាក្សត្រថៃ ដង្ហែទៅវេរប្រគេនព្រះសង្ឃក្នុងវត្តឧណ្ណាលោម

0
988

ភ្នំពេញ ៖ អង្គព្រះកឋិនទាន ដែលជាព្រះរាជទាន ដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ថៃ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ បានប្រារព្ធពិធីដង្ហែអង្គកឋិនទាន ទៅវេរប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តឧណ្ណាលោម ស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អង្គព្រះកឋិនទាន ព្រះរាជទ្រព្យនេះ ដឹកនាំដោយ ព្រះរាជតំណាង របស់ព្រះមហាក្សត្រថៃ លោក វិឆារ៉ាត់ អ៊ីសាក់រ៉ាក់ផាក់ឌី (Vijavat ISARABHAKDI) អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសថៃ។ ជាមួយគ្នានោះ ក៏មានការអញ្ជើញ ចូលរួម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានរបស់ លោក ប៉ាន់ យ៉ារ៉ាក់ ភូនសាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការប្រចាំស្ថានទូតថៃ ក្រុមហ៊ុនឯកជនថៃនៅក្នុងប្រទេសកម្ពុជា និងក្រុមគ្រួសារ រួមជាមួយបុគ្គលសំខាន់ៗផងដែរ។ ជាមួយគ្នានោះ ក៏មានការអញ្ជើញ ចូលរួម ពីសំណាក់មន្ត្រី  រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប និងបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត យ៉ាងច្រើនកុះករទៀតផត។

ព្រះរាជពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធព្រះរាជពិធីដង្ហែ អង្គព្រះកឋិនទាន ព្រះរាជទ្រព្យជុំវិញព្រះវិហារ និង ថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះ ព្រះពុទ្ធរូប ស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ នៃយើង និងបានប្រារព្ធនូវបទ នមស្ការព្រះរតនត្រ័យ ថ្វាយបង្គំសមាទានសីល ដើម្បីគោ​រព រំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ក្រោយពីក្បួនដង្ហែព័ទ្ធជុំវិញ ព្រះវិហារ រួចយកត្រៃចីវរ អង្គកឋិនព្រះរាជទាន និង គ្រឿងបរិក្ខារ ពីព្រះមហាក្សត្រ ថៃមករៀបចំវេរប្រគេន ព្រះសង្ឃរួចមក លោក វិឆារ៉ាត់ អ៊ីសាក់រ៉ាក់ផាក់ឌី បានអានប្រកាសអំពីព្រះទ័យជ្រះថ្លា របស់ព្រះមហាក្សត្រថៃ ដែលតែងតែ មានបំណងចូលរួមលើកស្ទូយវិស័យ ព្រះពុទ្ធសាសនា ដែលប្រទេសថៃ និងកម្ពុជា គោរពចំពោះ ព្រះពុទ្ធសាសនា តាមប្រពៃណី ដូចគ្នាតាំងពីយូរលង់ណាស់មក។

ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យដែលទទួលបានរួមមាន បច្ច័យផ្គត់ផ្គង់វត្តចំនួន ២ម៉ឺនបាត បច្ច័យព្រះរាជទានព្រះមហាក្សត្រថៃ តាមរយៈក្រសួងការបរទេសថៃ ចំនួន៥០ម៉ឺនបាត ចំណែកបច្ច័យដែលចូលដោយប្រជាជនថៃនៅកម្ពុជា និងពុទ្ធបរិស័ទ្ធកម្ពុជា មានចំនួន១៥.៤៣៩ ដុល្លារអាមេរិក និងលុយបាតមានចំនួន៣.៥០០បាត និង ៧.៣១១.៥០០ រៀល។

គួរបញ្ជាក់ថា ក្រសួងការបរទេសថៃ តែងតែដង្ហែអង្គកឋិនទានព្រះរាជទានទៅកាន់វត្តព្រះពុទ្ធសាសនានៅក្រៅប្រទេស ក្នុងនោះបានដង្ហែអង្គកឋិនទានព្រះរាជទានចូលមកប្រទេសកម្ពុជាជាលើកដំបូងកាលពីឆ្នាំ១៩៩៥ហើយបានប្រារព្ធឡើងជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ឆ្នាំ ហើយលើកនេះ ជាលើកទី២១ ហើយជាអង្គកឋិនទានព្រះរាជទានព្រះមហាក្សត្រថៃ ក្នុងឆ្នាំ២០១៩ផងដែរ ដោយបានរៀបចំដំណើរការយ៉ាងរលូន មានសណ្តាប់ធ្នាប់ល្អស័ក្កសមនឹងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍។

អ្នកចូលរួមទាំងអស់បានសម្តែងការដឹងព្រះគុណចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលទ្រង់តែងតែបានព្រះរាជទានការទំនុកបំរុងដល់ព្រះពុទ្ធសាសនា ជាសាសនាដែលប្រជាជនភាគច្រើនក្នុងប្រទេសថៃ និងកម្ពុជា គោរពបូជាហើយថែមទាំងជាការពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។

ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាចែកជា២គណ:គឺគណ:មហានិកាយ នឹងធម្មយុត្តិកនិកាយ ដែលធម្មយុត្តិកនិកាយមិនសូវជាមានទីអារាមប៉ុន្មាននោះទេ ដែលបច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តខាងធម្មយុត្តិប្រមាណតែ២០០វត្តប៉ុណ្ណោះ ខណ:ដែលវត្តខាងមហានិកាយមានប្រមាណជាង៤ពាន់វត្ត៕

Facebook Comments
Loading...