កីឡាករម៉ឺន មេឃា យកឈ្នះលើកីឡាករថៃក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម

0
2282

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ បានក្លាយជាម្ចាស់​ខ្សែ​ក្រវ៉ាត់ ទម្ងន់៦០គីឡូក្រាម ​បន្ទាប់ពីប្រកួតជម្រុះអស់រយៈពេល​ប្រមា​ណ​ជា៣ខែកន្លងមកនេះ ហើយបានយកឈ្នះវគ្គផ្តាច់ព្រ័ត្យលើកីឡាករថៃលីងលំ នៅលើសង្វៀនស៊ីអិនស៊ី កាលពីព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

​     ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្យនេះកីឡាករ​ទាំងពីរ បានបង្ហាញ​ការតស៊ូ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​រៀងៗខ្លួន​។ កីឡាករម៉ឺន មេឃា ដែល​ជា​ជើង​ខ្លាំង មាន​ជំនឿ​ចិត្ត​ខ្ពស់បា​ន​​បញ្ចេញ​ស្នៀត​ប្រកប​ដោយ​មោទនភាព និង​អំណួត​បំផុត វាយ​សម្រុក​ទៅកាន់​បង្គោល​ខៀវ ចំណែក​កីឡាករថៃលីងលំ​​ វិញក៏​មិន​ចុះ​ញ៉ម​នឹង​កាលៈទេសៈ​ដ៏​តានតឹង​នោះដែរ ទើប​កាន់តែ​ធ្វើ​ឲ្យ​ឆាកប្រយុទ្ធ​របស់​កីឡាករ​មួយគូ​នេះ ទទួលបាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កងរំពងជា​ខ្លាំង​តែម្តង។

នៅ​ទឹក​ទី២ និងទី៣​កីឡាករ​ថៃលីងលំ បាន​ព្យាយាម​វាយ​សន្ធាប់ខ្លាំង​ចូលចាប់ដើម្បីអុកជង្គង់ ​ប៉ុន្តែ​ម៉ឺន មេឃា មិន​បាន​សម្រុក​ ឬវាយបក​ខ្លាំងៗ​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​ទប់​ប៉ុណ្ណោះ​។ ចូល​ដល់​ទឹក​ទី៤​ ​កីឡាករ​ទាំង​ពីរ​ក៏​បាន​សម្រុក​គ្នា​​ទៅវិញ​ទៅ​មក​ ហើយ​នៅ​ពាក់​កណ្ដាល​ផ្លូវ​នៃ​ទឹក​ទី២​នោះម៉ឺន មេឃា ​បាន​ប្រើ​កណ្ដា​ប់​ដៃ​ វាយ​ចូល​ផ្ទៃមុខ​​របស់​លីងលំ​ផ្ទួនៗ​ពីរ​ដៃ​ចំ​ផ្ទៃ​មុខ​ ​បណ្តា​លឲ្យ​ចង់បាត់​បង់ស្មារតីម្តងៗ។​

ក្រោយបញ្ចប់ការប្រកួតភ្លាមៗ មានអ្នកគាំទ្រជាច្រើននាំគ្នាសប្បាយ​ចិត្តជំនួសកីឡា​ករ​ម៉ឺន មេឃា។ ម៉ឺន មេឃា បានប្រាប់ថាមុនការប្រកួតគេត្រៀមខ្លួនបានច្រើនហើយហ្វឹកហាត់បានជាប់លាប់ទៀត ហើយស្នៀតខ្លាំងរបស់កីឡាករថៃលីងលំ គឺខ្លាំងបានតែជងញកង់ប៉ុណ្ណោះ ដូចនេះហើយទើបខ្លួនបានហាត់ស្នៀតវាយបក និងមិនអោយកីឡាករថៃចូលចាប់វ៉ៃជង្គង់បានដោយស្រួលៗនោះទេ។

ជ័យជំនះ​នេះ បានធ្វើឲ្យម៉ឺន មេឃា ក្លាយជា​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​កម្ពុជាសង្វៀនគុនខ្មែរ​ទម្ងន់​៦០​គីឡូក្រាម និង​ជា​ម្ចាស់​ប្រាក់រង្វាន់​៦,០០០​ដុល្លារ​អាម៉េរិក។ ចំណែកឯកីឡាករថៃលីងលំ​ ទទួលបាន​ចំណាត់​ថ្នាក់​លេខ​​២​នោះ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៣,០០០​ដុល្លារ​អាម៉េរិក៕

Facebook Comments
Loading...