ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ កៀកស្មារនិងកីឡាករធន់ អៀងឡៃ អ្នកប្រដាល់របស់សមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករថៃកេងក្លា និងកីឡាករសីតធីឆៃ ដើម្បីសាកវិជ្ជាគុនគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
កីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករថៃកេងក្លា នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះ មានចាញ់ជាមួយកីឡាករជួមុខរបស់កីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេគឺស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ រីឯកីឡាករផាន់ គ្រាន់ ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។
ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានអះអាងថា ផាន់ គ្រាន់ មានភាគរយឈ្នះច្រើនលើកីឡាករថៃម្នាក់នេះ ព្រោះផាន់ គ្រាន់ គេជាអ្នកប្រដាល់ ជោកជាំជាមួយនឹងសង្វៀន យូរឆ្នាំមកហើយ ការប្រកួតរាល់លើកគេវាយអស់ពីសមត្ថភាព បើទោះជាដឹងថាដៃគូររបស់ខ្លួនគេមានប្រៀបជាខ្លួនក៍ដោយ។ ចាំមើលកីឡាករផាន់ គ្រាន់ និងកីឡាករថៃកេងក្លា នណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ធន់ អៀងឡៃ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ធន់ អៀងឡៃ មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាធន់ អៀងឡៃ ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃសីតធីឆៃ នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ធន់ អៀងឡៃ ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករធន់ អៀងឡៃ អាចយកឈ្នះលើកីឡាករថៃសីតធីឆៃ បានដែរឫយ៉ាងណា?៕