ពុយ វណ្ណៈ ដឹកដៃសេក គឹមសាន្ត ឡើងសាកស្នៀតគុនជាមួយកីឡាករថៃ រូឯតាញ់ មករា ជួបកីឡាករអ៊ីរ៉ង់

0
1523

ភ្នំពេញ ៖ កីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាករខេត្តពោធិសាត់ ដឹកដៃកីឡាករសេក គឹមសាន្ត អ្នកប្រដាល់របស់ក្លិបអង្គរមានជ័យខេត្តសៀមរាប ឡើងសាកស្នៀតគុនជាមួយកីឡាករថៃភិតសាយហ្វា និងកីឡាករកៅផូដាំ ខណៈកីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជតិ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់MO​S​TAFA នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។

កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតសាយហ្វា នេះក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់ធ្លាប់មកប្រកួតនៅសង្វៀនក្នុងស្រុកខ្មែរ ច្រើនលើកមកហើយ មានឈ្នះមានចាញ់ ព្រោះគេមានកម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករដែលពិបាកស្មានបានណាស់ ពេលខ្លះស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត ពេលខ្លះវាយអន់ស្ទើរពុំគួរអោយជឿនោះឡើយ។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា?។

ចំណែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃកៅផាដាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ រីឯកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃកៅផាដាំ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់កីឡាករអ៊ីរ៉ង់MO​S​TAFA​ ក្នុង​ប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះខ្លាំងប៉ុណ្ណានោះដែរ។ ចំណែ​កកីឡាករតាញ់ មករា គេ​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

កីឡាករតាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយៈចុងក្រោយនេះ​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន ទាត់មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលរ​វាង​ធន់ មករា ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ង់MO​S​TAFA​ ៕

Facebook Comments
Loading...