លោកថោង ខុន ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍អោយបានញឹកញាប់

0
1161

ភ្នំពេញ ៖ លោកថោង ខុន បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ពិសេសសមាគមឧស្សាហកម្មទេសចរណ៍ នានា សូមរៀបចំឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍អោយបានញឹកញាប់។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ដោយស្នើឱ្យភាគីពាក់ព័ន្ធទាំងនេះរួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ថោង ខុន បានឱ្យដឹងថា នេះជាលើកដំបូងហើយក្រសួងទេសចរណ៍ រដ្ឋលេខាធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ទាំង៥ ( រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ) បានបើកកិច្ចពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សា ពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់នៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោក ថោង ខុន បានស្នើឱ្បក្រុមហ៊ុនអាកាសចរណ៍ទាំង ៥ ក្រោមអាណាព្យាបាលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិចារណារួមគ្នាបង្កើត «សមាគមអាកាសចរណ៍ក្នុងស្រុក» ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធនឹងឧស្សាហកម្មធ្វើដំណើរផ្លូវអាកាស អោយបានរលូន។

ចំពោះការបង្កើតអោយមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវ៊ីល និងក្រុមហ៊ុនអាសចរណ៍ទាំង៥ សារទរ និងឯកភាពចំពោះកគំនិតផ្តួចផ្តើមនេះ ព្រោះថា ឥឡូវយើងមានក្រុមហ៊ុនអាសចរណ៍ក្នុងស្រក ៥ អាចបង្កើតជាសមាគមន៍បានហើយ។

តាមរយៈការបង្កើតសមាគមន៏នេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត រួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វផ្សាយការហោះហើរក្នុងស្រុក ( Inflight Magazine ) វីដេអូផ្សព្វផ្សាយពីកម្ពុជា (Inflight Video Entertainment ) ការប្រកាសពត៌មាននៅលើយន្តហោះ (Announcement) អោយបានច្រើនភាសា ស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេល និងសុំកុំអោយមានការលុបជើងហោះហើរញឹកញាប់។

ព្រមជាមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានស្នើដលស្ថាប័នមានសមត្ថកិច្ច ពិចារណាលើការកាត់បន្ថយពន្ធខ្លះដែលពាក់ពន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួនក្នុងការជួយសំរួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍យើងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស (រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទៀតនៅពិភពលោក។

បន្ថែមពីលើនេះរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ត្រូវសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ាន អាស៊ី និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងស្នើសុំអោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ ចូលរួមក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៏ទេសចរណ៍សំខាន់ៗនៅក្រៅប្រទេសផងដែរ។

ជាងនេះទៅទៀតលោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ពិសេសសមាគមឧស្សាហកម្មទេសចរណ៍ នានា សូមរៀបចំឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍អោយបានញឹកញាប់ផងដែរ៕

Facebook Comments
Loading...