កម្ពុជាមាន វិទ្យាស្ថានបណ្តុះបណ្តាលជំនាញក្រឡុងស្រា ភេសជ្ជៈ និងជំនាញឆុងកាហ្វេ ហើយ

0
932

ភ្នំពេញ ៖ វិទ្យាស្ថានខូហ្វីជាវិទ្យាស្ថានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនខូហ្វី ដែលវិទ្យាស្ថាននេះមានបណ្តុះបណ្តាលជំនាញក្រឡុងស្រា និងភេសជ្ជៈ និងជំនាញឆុងកាហ្វេ ជាមួយគ្រូបង្គោលដែលជាអ្នកជំនាញជាតិ និងអន្តរជាតិ។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធវិទ្យាស្ថានខូហ្វី (KOFI) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីនាយកវិទ្យាស្ថានខូហ្វី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អ្នកជំនាញទេសចរណ៍ សិក្ខាកាម និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។

ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតប ទាំងបរិមាណ និងគុណភាព លោក តុប សុភ័ក បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖១. ស្នើឲ្យវិទ្យាស្ថានបន្តបើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ និងជំនាញលើផ្នែកភេសជ្ជៈបន្ថែមឱ្យបានកាន់តែច្រើន ពិសេសសូមស្នើឱ្យគណៈគ្រប់គ្រងវិទ្យាស្ថាន គិតគូរពង្រីកកម្មវិធីសិក្សាលើជំនាញផ្សេងៗទៀតដូចជា ជំនាញបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មភ្ញៀវ ជំនាញក្រឡុកស្រា និងភេសជ្ជៈ និងជំនាញផ្សេងៗទៀតនាថ្ងៃអនាគតបន្ថែមទៀត។

២. ស្នើវិទ្យាស្ថាន និងក្រុមហ៊ុនខូហ្វី ដែលជាបុត្រសម្ព័ន្ធ បន្តសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ លើការរៀបចំកម្មវិធី ផ្សព្វផ្សាយជំនាញ ក៏ដូចជាកម្មវិធីប្រកួតជំនាញផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ និងការអភិវឌ្ឍជំនាញទេសចរណ៍។

៣. ស្នើឲ្យវិទ្យាស្ថានជំរុញសហការជាមួយបណ្តាសណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋាន ស្ថាប័នអាជីវកម្មនៅបណ្តា រាជធានីខេត្ត ទាំងអស់ បង្កើនឱកាសដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ក៏ដូចជាយុវជន សិស្ស និស្សិត ដែលមានជំនាញទេសចរណ៍ អាចចូលបំពេញកម្មសិក្សា ដើម្បីទទួលបានជំនាញ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

៤. សូមស្នើឱ្យយុវជន សិស្ស និស្សិត និងបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យសេវាកម្មទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាល ដើម្បីចាប់យកជំនាញមួយពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់របស់វិស័យទេសចរណ៍ ព្រោះថា ជំនាញ គឺជាជីវិតរបស់យើង៕

Facebook Comments
Loading...