សិក្ខាកាមមគ្គុទ្ទេសក៍៦៩៤នាក់ មកពីថ្នាក់ជាតិ៤ជំនាន់ផ្សេងគ្នា ត្រូវបានទទួលញ្ញាបនបត្រពីក្រសួងទេសចរណ៍

0
917

សៀមរាប ៖ ពិធីប្រគល់វិញ្ញាបនបត្រទេសចរណ៍ចំនួន៦៩៤នាក់ បន្ថែមទៀត ក្នុងនោះមានមកពីថ្នាក់ជាតិ៤ជំនាន់ផ្សេងគ្នា ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានអ្នកចូលរួមប្រមាណ៧០០នាក់ផងដែរ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងទេសចរណ៍បានសម្រេចប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ៦៩៤នាក់ បន្ថែមទៀត ក្នុងនោះមានមកពីថ្នាក់ជាតិជំនាន់ទី៤ចំនួន ៥០រូប ថ្នាក់តំបន់ជំនាន់ទី២៥ចំនួន៣០៤រូប និងជំនាន់ទី២៦ចំនួន៣៤០រូប ដើម្បីស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ដោយស្របច្បាប់។

សិក្ខាកាមខាងលើបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែ (ផ្នែកទ្រឹស្តីរយៈពេល ៤ខែ និងចុះកម្មសិក្សាស្រាវជ្រាវ ២ខែ) និងបានឆ្លងកាត់ការប្រឡងវាយតម្លៃលទ្ធផលសិក្សាជាប្រចាំ ក្នុងនោះសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (USEA) ខេត្តសៀមរាប ក៏បានផ្តល់កិច្ចសហការក្នុងការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ក្នុងឱកាសនោះផងដែរលោករដ្ឋលេខាធិការបានផ្តាំផ្ញើដល់សិក្ខាកាមទាំងនោះ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេស​ចរណ៍តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់។

ម្យ៉ាងវិញទៀត ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ហើយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពី ទេសចរណ៍ អនុក្រឹត្យស្តីពី មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រមប្រតិបត្តិ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។

ជាងនេះទៅទៀតលោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបប្រឡងជាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងគោរពបទប្បញ្ញត្តិរបស់សាលាឱ្យបានល្អ សំដៅធ្វើយ៉ាងណាក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងមានចំណេះដឹងទូលំទូលាយ សមត្ថភាពគ្រប់គ្រាន់ និងមានជំនាញវិជ្ជាជីវៈពិតប្រាកដ អាចបម្រើការងារក្នុងវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរ។

សូមរំលឹកផងដែរ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការជំនាញ បានយកចិត្តទុកដាក់ជាអាទិភាពដល់ការបណ្តុះបណ្តាលជំនាញ និងបង្កើតការងារជូនយុវជនកម្ពុជា សំដៅឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា។

ជាក់ស្តែង ៥ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ៣លាននាក់ កើន ១១.៤%។ ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ និងចំណូលចូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង១ម៉ឺននាក់៕

Facebook Comments
Loading...