កីឡាបរទេស ៖ សាកសពរបស់មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងបរិវេណផ្ទះរបស់កីឡាករ Elneny របស់ក្រុម Arsenal ក្បែរនឹងកន្លែងការដ្ឋានសាងសង់មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅប្រទេសអេហ្ស៊ីប។
ប៉ូលិសកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ក្រោយពីមានការរាយការណ៍ដោយឪពុករបស់កីឡាករ Elneny ផ្ទាល់។ នៅផ្ទះរបស់កីឡាករនេះ គឺក្បែរនឹងកន្លែងការដ្ឋានសាងសង់មួយ ប៉ុន្តែប៉ូលិសនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ថាជារឿងឃាតកម្មឬយ៉ាងណានោះ។ ដោយឪពុករបស់កីឡាករខាងលើប្រទះឃើញសាកសពនៅសួនច្បារក្រោយផ្ទះ។
ខ្សែបម្រើខាងលើនេះ មិនមានក្នុងការប្រកួតមិត្តភាពឱ្យក្រុម Arsenal ឡើយ ហើយមានប្រភពខ្លះបញ្ជាក់ថារូបគេត្រៀមចាកចេញពីក្លឹបកាំភ្លើងធំហើយ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ លេងឱ្យកាំភ្លើងធំ៣ឆ្នាំ បង្ហាញខ្លួន៨៩ប្រកួត តែរកបានតែ២គ្រាប់ប៉ុណ្ណោះ៕