សម្ដេចតេជោបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានមូលហេតុអ្វី ចាំបាច់ចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីឲ្យយោធាចិនរស់នៅលើទឹកដីកម្ពុជាឡើយ

0
905

ភ្នំពេញ ៖ ក្នុងពិធីចុះពិនិត្យការដ្ឋាន សាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អាមេរិកលើកឡើងអំពីវត្តមាន យោធាចិននៅកម្ពុជា តើអស់លោកនិយាយពីអីពិតប្រាកដ? ព្រោះថាកម្ពុជាគ្មានមូលហេតុអ្វី ចាំបាច់ចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីឲ្យយោធាចិនរស់នៅលើទឹកដីកម្ពុជាឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការក្រើនរំលឹក ទៅសហរដ្ឋអាមេរិកថា កាលពីអំឡុងឆ្នាំ១៩៧០ បានធ្វើការចោទប្រកាន់កម្ពុជា មានកងទ័ពវៀតណាម លើទឹកដីកម្ពុជា ហើយក៏បានធ្វើរដ្ឋប្រហារ ទំលាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ប៉ុន្តែមកដល់បច្ចុប្បន្នឆ្នាំ២០១៩នេះ បានចោទប្រកាន់មកម្តងទៀតថា កម្ពុជាអនុញ្ញាតឲ្យចិនបោះមូលដ្ឋានយោធានៅតំបន់រាមក្នុងខេត្តព្រះសីហនុ។

អាមេរិកត្រូវចាំថា មុនឆ្នាំ១៩៧០ អាមេរិកបាននិយាយវត្តមាន កងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា។ ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមកអាមេរិក ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ អាមេរិកត្រូវចាំទៅលើចំណុចទាំងនេះ។ សម្ដេចមានប្រសាសន៍ថា« កម្ពុជា និងចិន មានមូលហេតុអ្វី ចាំបាច់ចុះហត្ថលេខាជាមួយគ្នា លើបញ្ហាកិច្ចព្រមព្រៀងសម្ងាត់ គ្មានត្រូវការចាំបាច់អ្វីសោះ »។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រីរំលឹកថា អាមេរិកក៏ធ្លាប់បានចោទប្រទេសអ៊ីរ៉ាក់ថា មានអាវុធប្រល័យលោក ហើយបានវាយចូលអ៊ីរ៉ាក់ ធ្វើឲ្យប្រជាជនស្លាប់រាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នអ៊ីរ៉ាក់ត្រូវស្ដារប្រទេសឡើងវិញ ប្រើរយៈពេលអស់ជាច្រើនឆ្នាំ ប៉ុន្តែសន្តិសុខក៏មិនទាន់ ត្រូវបានដោះស្រាយ ចប់រហូតមកដល់សព្វថ្ងៃ។

សារព័ត៌មាន The wall street Journal របស់អាមេរិក បានចោទប្រកាន់កម្ពុជាថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងនេះ កម្ពុជាផ្តល់ឲ្យភាគីចិនផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៃឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយដែលចិនកំពុងសាងសង់ធ្វើ ជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ សម្រាប់ដាក់ទ័ពគ្រឿងសព្វាវុធនិងកន្លែងចត។

កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៧០នាក់ ទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ដោយផ្ទាល់ ជាលទ្ធផលបង្ហាញថា ពុំមានការរៀបចំឲ្យមានមូលដ្ឋានកងទ័ពបរទេស នៅទីនោះដូចការផ្សាយចោទប្រកាន់ របស់សារព័ត៌មានសហរដ្ឋអាមេរិកនោះឡើយ៕

Facebook Comments
Loading...