សម្តេចតេជោ ហ៊ុន សែន ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជារឿងមិនពិត

0
907

ភ្នំពេញ ៖ ប្រតិកម្មឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។

ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។

សូមជំរាបថាកន្លងមកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាស បដិសេធ ជាសាធារណៈច្រើនដងរួចហើយ អំពីបញ្ហានេះនិងអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ៕

Facebook Comments
Loading...