ជនជាតិជប៉ុន ប្រគល់ជូនវត្ថុបុរាណខ្មែរមុនសម័យអង្គរចំនួន៨៥មុខ ដល់ក្រសួងវប្បធម៌

0
1457

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលវត្ថុបុរាណខ្មែរមុនសម័យអង្គរចំនួន៨៥ មុខពីជនជាតិជប៉ុន កាលពីវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសារមន្ទីរជាតិ ដោយមានការចូលរួមពីលោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក គង់ វីរ: ប្រធានសារមន្ទីរជាតិ ហើយវត្ថុបុរាណទាំងនេះ ត្រូវបានប្រគល់ដោយលោក ស្រី ហ្វូមីកូ តាកាគឺវ៉ា និងលោក ម៉ាសាតូម៉ូ ហូស៊ីណូ ព្រមទាំងភរិយា។

តាមក្រសួងវប្បធម៌បានឲ្យដឹងថា  វត្ថុបុរាណទាំងនេះជាប្រភេទបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាភាជន៍ និងអកកំបោរធ្វើពីស្ពាន់ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ក្រសួងវប្បធម៌ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាកោតសរសើរ ចំពោះលោក ស្រី ហ្វូមីកូ តាកាតុវ៉ា ដែលមានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះមកកម្ពុជា ។

ទាក់ទងបញ្ហានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា គ្រប់ពេលវេលាការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ គឺជាការវិលមកវិញ នូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណមកកាន់ប្រទេសកំណើតវិញ បង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌ នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យវត្ថុបុរាណ។

ក្រសួងវប្បធម៌លើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរក្រុមហ៊ុន ក៏ដូចស្ថាប័ននានា លើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជានៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកវិញ។

កម្ពុជាចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមតែបង្ហាញពីការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍នីមួយៗប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្គ្រាមស៊ីវិល និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ប៉ុល ពត៕

Facebook Comments
Loading...