ភ្នំពេញ ៖ កីឡាករ វ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃកៅថាប់ ខណៈកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបកីឡាករថៃ ផេតណាមង៉ាម នៅលើសង្វៀនCNC នារសៀលថ្ងៃសៅរ៍ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
កីឡាករវ៉ាន់ វឿន ត្រូវគេផ្តល់ទំនុកចិត្តឱ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះកៅថាប់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងកម្មវិធីនេះ ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុណខ្លាំងប៉ុណ្ណានោះដែរ តែបើតាមសង្កេតកន្លងមកកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកកីឡាករវ៉ាន់ វឿន គេមានកំណត់ត្រាប្រកួតជាង៧០លើកប៉ុណ្ណោះ គឺឈ្នះច្រើនជាងចាញ់ ហើយធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧ទៀតផង។ វ៉ាន់ វឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស វ៉ាន់ វឿន នោះគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ ក្នុងការប្រកួតនេះគេមិនហ៊ានអះអាងមុនថា វ៉ាន់ វឿន អាចយកឈ្នះកៅថាប់ បានឬអត់នោះទេ?។ ចាំមើលតើ វ៉ាន់ វឿន ឈ្នះឬមួយក៏ កីឡាករថៃកៅថាប់ជាអ្នកឈ្នះសម្រាប់ការជួបគ្នានេះ?។
ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃផេតណាមង៉ាម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។
ចំណែកកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃផេតណាមង៉ាម?៕