ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ដឹកដៃកីឡាករម៉ឺន មេឃា អ្នកប្រដាល់នៃក្លិបសមាគមន៍កីឡាប្រដាល់ក្រសួងការពាជាតិ ឡើងតតាំងស្នៀតគុនជាមួយកីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន និងកីឡាករភេតណងប៊ី គាតបានធិតយីម នាថ្ងៃទីសៅរ៍ទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយកីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងរបស់កម្ពុជា ជាច្រើនរូប ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធី គេជាអ្នកប្រដាល់ដែលមានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធី គេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ ហើយក្នុងការប្រកួតនេះភាគរយនៃការឈ្នះមានហាសិបប៉ុណ្ណោះ។ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន ?។
ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃភេតណងប៊ី គាតបានធិតយីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ តែកីឡាករថៃមកប្រកួតនៅស្រុកខ្មែរកន្លងមកគឺខ្លាំងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះរហូតផងដែរ។ កីឡាករវ័យក្មេងរូបនេះមិនទាន់ដឹងថាខ្លួនឯងមានស្នៀតខ្លាំងណាមួយ ឬឲ្យច្បាស់ដូចឪពុកលោកអេភូថង នៅឡើយទេប៉ុន្តែធ្លាប់ឮម្ដាយសរសើរថាស្នៀតទាត់គឺដូចគ្នាទៅនិងឪពុកតែនៅស្រាលជាង។ អ្នកលេងគុនខ្មែរវ័យក្មេងខាងលើ ប្រាប់ពីចំណុចខ្វះខាតរបស់ខ្លួនដែរថា គួរត្រូវពង្រឹងស្នៀតចាប់ឡាំជង្គង់ឲ្យបានច្រើនជាងនេះ ព្រោះនៅខ្សោយមិនអាចប្រៀបជាមួយកីឡាករថៃនោះឡើយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃភេតណងប៊ី គាតបានធិតយីម នរណាជាអ្នកឈ្នះ?៕