ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងតតាំងជាមួយកីឡាករថៃបល្ល័ងឈោគ រ៉ាឆានុន ខណៈកីឡាករទេស ជីវ៉ា អ្នកប្រដាល់របស់ក្លិបកងពលតូចលេខ៧០ ជួបកីឡាករភិតសិង្ហា និធិតណាយក្វាម ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទីសុក្រទី២៥ ខែមករា ឆ្នាំ២០១៩នេះ។
កីឡាករវ័យក្មេង ឡៅ ចន្រ្ទា ដែលទើបនិងក្លាយជា ម្ចាស់ខ្សែពាននាឆ្នាំ២០១៨កន្លងមកថ្មីៗនេះត្រូវរ៉ាប់រងការប្រកួតជាមួយកីឡាករជើងខ្លាំងជនជាតិថៃឈ្មោះ បល្ល័ងឈោគ រ៉ាឆានុន អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ ហើយកីឡាករថៃភាគច្រើនគឺពួកគេពូកែទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែលកីឡាករឡៅ ចន្រ្ទា ជាជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ដែលមានផ្លែកណ្តាប់ដៃនិងជង្គង់វាយចេញល្អ ដែលជាយុទ្ធសាស្រ្តអាចបង្ក្រាបដៃគូបានជាញឹកញាប់ ទាំងជើងចាស់ទាំងជើងថ្មីជាហូរហែរកន្លងមកមិនចាញ់កីឡាករឡៅ ស៊ីណាតដែលជាបងប្រុសរបស់គេនោះឡើយ។ ពេលនេះឡៅ ចន្ទ្រា កំពុងឡើងកូដជាខ្លាំង មិនទាន់មានកីឡាករក្នុងស្រុកណាអាចបង្ក្រាបគេបានឡើយ ហើយមួយរយៈចុងក្រោយនេះកីឡាករជើងខ្លាំងថៃភាគច្រើនបានទទួលស្គាល់ថា ឡៅ ចន្ទ្រា ពិតជាខ្លាំងនិងពិបាកយកឈ្នះបានណាស់។ ចាំមើលឡៅ ចន្ទ្រា ជាអ្នកឈ្នះឫកីឡាករថៃជាអ្នកឈ្នះ?។
ដោយឡែកកីឡាករទេស ជីវ៉ា ត្រូវជួបជាមួយកីឡាករថៃភិតសិង្ហា និធិតណាយក្វាម អ្នកទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ពួកគេក៍មិនធ្លាប់ជួបគ្នាដែរ។ក្នុងការប្រកួតនេះមិនមានអ្នកតាមដានណាហ៊ានទស្សទាយមុនថាកីឡាករណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជាទេស ជីវ៉ា គេខ្លាំងខាងស្នៀតជើងទាត់ និងកែងដែរតែវាយចេញរាងយ៉ឺន ហើយមិនសូវមានល្បិចកលប្រកួតច្រើនសំបូរបែបទៀតផង។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី កីឡាករថៃភិតសិង្ហា និធិតណាយក្វាម ក៏ពិបាកធ្វើអ្វីលើទេស ជីវ៉ា នោះដែរព្រោះទេស ជីវ៉ា គេមានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង ដែលអាចតស៊ូបានពេញ៥ទឹកមិនលំបាកឡើយ។ ក្នុងជុំនួបគ្នារវាងកីឡាករទាំង២នាក់នេះ បើកីឡាកររូបណាវាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះកីឡាករទេស ជីវ៉ា និងកីឡាករថៃភិតសិង្ហា និធិតណាយក្វាម នរណាជាអ្នកឈ្នះ?៕