ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះសីហនុតវ៉ាសុំឲ្យអាជ្ញាធរខេត្តសម្រួលដីឲ្យពួកគាត់បានសង់លំនៅដ្ឋានត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់

0
1705

ព្រះសីហនុ ៖ បញ្ហាជម្លោះដីធ្លីស្ថិតនៅទីតាំងក្រុម១៨ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានផ្ទុះការតវ៉ាជាបន្តទៀត ហើយករណីនេះមានការចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់ក្រោមអំណាចរបស់លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និងមានការផ្ទុះអាវុធគម្រាមដល់ប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។

បើតាមមជ្ឈដ្ឋាននៅជុំវិញនោះ បានឲ្យដឹងថា តំបន់ដែលក្រុមបរិស្ថាន និងអាជ្ញាធរខេត្តកំពុងមានការហាមប្រាម ហាក់មានការបំពានដីអនុក្រិត ដោយហេតុថា តំបន់ដីព្រៃជាដីដែនអនុក្រិត ដែលមានសុទ្ធតែបង្គោលរបងហ៊ុព័ទ្ធជុំវិញ ជាកម្មសិទ្ធអ្នកមានអំណាច ហើយមិនមានមន្ត្រីណាហ៊ានមកធ្វើការទប់ស្កាត់ជនទាំងនោះទាល់តែសោះ។

ប្រជាពលរដ្ឋចំនួន១៧២គ្រួសារ បានស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីចំនួន០៩ហិកតា និង៧៩អារ ដែលមានទីតាំងស្ថិតនៅក្រុម១៨ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាពិសេសទៅទៀត ពួកគាត់បានស្នើសុំដល់សម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ និងបានស្នើសុំដល់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីសម្របសម្រួលដី និងចេញប្លង់កម្មសិទ្ធជូនពួកគាត់ ព្រោះថា ដីនេះជាកម្មសិទ្ធរបស់ពួកគាត់តាំងពីឆ្នាំ២០១២មកម្លេះ។

បើយោងតាមគណៈកម្មការសិទ្ធមនុស្ស ទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា បានជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមរយៈសម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបានអន្តរាគមន៍សំណើរនេះ ឲ្យឯកឧត្តមអភិបាលខេត្តពិនិត្យ និងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋចំនួន១៧២គ្រួសារ កាលពីថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។

គួររំលឹកកាលពីថ្ងៃចន្ទ័ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុចេញលិខិតបង្គាប់ការលេខ ០៦៥/១៨លបក យោងតាមលិខិតលេខ ០៧៩ រស គ១ ចុះទី ២៩ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋសភា ក៏បានចាត់តាំងមន្រ្តីនៃមន្ទីរពាក់ពន្ធ័ ចុះត្រួតពិនិត្យ និងវាស់វែងដីប្រជាពលរដ្ឋ ចំនួន១៧២ គ្រួសារ។ ក្នុងការវាស់វែងដឹងនាំដោយលោក អី ថារិន នាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោក លី វ៉ាន់ដា មន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត ជាអនុប្រធាន។

ជាលទ្ធផលនៃការងារ បានបញ្ជាក់ការពិនិត្យជាក់ស្តែង លើទីតាំងក្បាលដីថា ដីពុំមានការសេសលស់សម្រាប់ព្រៃធម្មជាតិអ្វីឡើយ មានតែដំណាំ ដូង ស្វាយ ដំឡូង និងចេក តែប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃទី២១ ខែមករា  ឆ្នាំ២០១៩ មានកងកម្លាំងប្រដាប់ដោយអាវុធជាច្រើន ដែលដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដោយមានទាំងគ្រឿងចក្រមកកាយប្រឡាយលើដីប្រជាពលរដ្ឋ ដែលពុំទាន់មានបំណោះស្រាយ ក្រោមលេសកាយព្រុំដីអនុក្រិត។

ករណីនេះមានការចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់ក្រោមអំណាចរបស់លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និងមានការផ្ទុះអាវុធគម្រាមដល់ប្រជាពលរដ្ឋស្លូតត្រង់ផងដែរ៕

Facebook Comments
Loading...