ភ្នំពេញ ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមពានក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កីឡាករកម្ពុជាជើងថ្មីពីរនាក់គឺ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង និងកីឡាករតាញ់ មករា អ្នកប្រដាល់មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងជួបកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ និងកីឡាករភិតប៊ុនមី ប៉.យុទ្ធភូមិ ដណ្តើមគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
ការជួបគ្នារវាងកីឡាករឈុត សេរីវ៉ាន់ថង និងកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះពិតជាល្អមើលមិនខាន ព្រោះអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងមកហើយក្នុងវគ្គជម្រុះ ដោយកីឡាករកម្ពុជាឈ្នះដោយពិន្ទុ ហើយការប្រកួតគ្នាពេញ៥ទឹកកីឡាករទាំង២នាក់វាយគ្នាទៅវិញទៅមកមិនបណ្តាក់ដៃនោះទេ។
ក្នុងការប្រកួតខ្សែក្រវាត់នេះកីឡាករកម្ពុជាឈុត សេរីវ៉ាន់ថង គេជាកីឡាករវ័យក្មេងស្រករក្រោយមែនតែគេពិតជាធ្វើបានល្អដោយ៤ប្រកួតក្នុងវគ្គជម្រុះឈ្នះទាំង៤ប្រកួតមានពិន្ទុលើសគេក្នុងការឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ការជួបគ្នារវាងកីឡាករទាំង២នាក់នេះត្រូវបានអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកអះអាងថា កីឡាករកម្ពុជា នៅតែមានព្រៀបឈ្នះលើកីឡាករថៃដដែល បើទោះជាឈុត សេរីវ៉ាន់ថង ទើបប្រកួតកីឡាប្រដាល់ថ្នាក់ជាតិមកថ្មីៗនេះក៍ដោយ។ ចាំមើលឈុត សេរីវ៉ាន់ថង ជាអ្នកឈ្នះឬកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ ជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?។
ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះភិតប៊ុនមី ប៉.យុទ្ធភូមិ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ហើយក៍និងល្អមើលនិងជក់ចិត្តផងដែរ ព្រោះក្នុងវគ្គជម្រុះកីឡាករកម្ពុជាតាញ់ មករា ធ្លាប់ចាញ់កីឡាករថៃដោយពិន្ទុ។
បច្ចប្បន្ននេះកីឡាករតាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ តាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។ ចាំមើលរវាងតាញ់ មករា ជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រឫកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ?៕