ប្រព័ន្ធលូ និងពង្រីកផ្លូវនៅ ភូមិសំរោងកណ្តាល ប្រវែង៥០០ម៉ែត្រចំណាយថវិការអស់ប្រមាណ១២០លានរៀល

0
1622

ភ្នំពេញ ៖ ការដ្ឋានដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវនៅ ភូមិសំរោងកណ្តាល ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែធ្នូមកនោះ មកដល់ពេលនេះកំពុងបានដំណើរការយ៉ាងស្រាក់សស្រាំ ដោយគ្រោងនឹង បញ្ចប់ជាស្ថាពរ នៅមុនថ្ងៃ៧មករា ឆ្នាំ២០១៩ ខាងមុខនេះ ហើយចំណាយថវិការអស់ប្រមាណជា១២០លានរៀល។

ក្នុងឱកាសចុះពិនិត្យការដ្ឋាន ដែលកំពុងដំណើរការនាព្រឹកថ្ងៃទី២០ ខែធ្នូនេះ លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់សំរោង និងជាប្រធានភូមិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ ថា អនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ ពីលោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានជម្រុញ ឲ្យក្រុមការងារ បន្តរួមចំណែក កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង ក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន  បានមូលមតិគ្នាដំណើរការ ដាក់ ប្រព័ន្ធលូ និង ពង្រីកផ្លូវ ១ខ្សែ ប្រវែងជាង៥០០ម៉ែត្រ នៅភូមិសំរោងកណ្ដាល ដើម្បីបញ្ជៀសការដក់ទឹក នៅក្នុងតំបន់នេះ ដែលជាហេតុនាំឱ្យឆាប់ខូចផ្លូវបេតុងដែលមានស្រាប់ ក៏ដូចជាពង្រីកបន្ថែមនូវកំណាត់ផ្លូវមួយខ្សែនេះឱ្យបានធំទូលាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបញ្ជាក់ថា ថវិកា ដែលត្រូវចំណាយ ក្នុងការដាក់លូ និង ពង្រីកផ្លូវនេះ អស់ប្រមាណជាង៣ម៉ឺនដុល្លារ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ព្រះគ្រូចៅ​អធិការវត្តសំរោងកណ្តាល និងក្រុមការងារចុះជួយសង្កាត់សំរោងផងដែរ ហើយលោកស៊ូ ស៊ីវុត្ថា ក៍បានទូលប្រគេនថ្វាយដល់ព្រះសង្ឃ អំពីការចុះបញ្ជីក្បាលដីប្លង់វត្តសុវណ្ណរាសីរតនារាម ក្នុងពេលឆាប់ៗនេះ ដើម្បីទុជាគរុភ័ណ្ឌដល់កូនចៅជំនាន់ក្រោយៗទៀត សម្រាប់គោរពបូជានៃវត្តសុវណ្ណរាសីរតនារាម(ហៅវត្តសំរោងកណ្តាល)នេះ។

ចំណែកលោក យិន អ៊ីម ចៅសង្កាត់សំរោង បានអះអាងថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និង ការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ។

ចៅសង្កាត់ បានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។នៅព្រឹកថ្ងៃដដែលនោះដែរ លោកចៅសង្កាត់សំរោង សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ដ្រីក្រោមឱវាទ បានចុះ ពិនិត្យមើលរបង សាលាសង្កាត់ និង របង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង ដែលបានដំណើការសាង បានប្រមាណ៨០%ភាគរយ ។បើតាមលោកចៅសង្កាត់បានឲ្យដឹងថា របងនេះមានប្រវែង៩០ម៉ែត្រ កំពស់២ម៉ែត្រ កន្លះ ចំណាយថវិកាអស់ប្រមាណជាង១ម៉ឺនដុល្លាអាមេរិក ដែលជាការឧបត្ថម្ភពីលោកជំទាវ ស៊ុយ ស៊ីផាន លោក ឧក ភក្ដី រួមនឹង ថវិការបស់សង្កាត់ផងដែរ៕

Facebook Comments
Loading...