ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ដឹកដៃកីឡាករធន់ ចាន់តាក់ អ្នកប្រដាល់របស់សមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃមុងឃុនភេត ណាយ៉ាបៈវីវ និងកីឡាករថៃភិតសង្ហា និធិតណាយក្វាម ដើម្បីសាកវិជ្ជាគុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ ។
កីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករថៃមុងឃុនភេត ណាយ៉ាបៈវីវ នេះត្រូវបានអ្នកតាមដានអះអាងថា មានភាគរយឈ្នះតិចលើកីឡាករជើងខ្លាំងថៃម្នាក់នេះ បើទោះជាផាន់ គ្រាន់ គេជាអ្នកប្រដាល់ ជោកជាំជាមួយនឹងសង្វៀនក៍ដោយ ហើយម្យាងទៀតប្រមាណជាបីបួនប្រកួតចុងក្រោយគេធ្វើមិនបានល្អនោះទេ។
ចំណែកកីឡាករថៃមុងឃុនភេត ណាយ៉ាបៈវីវ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើក ហើយក៍ធ្លាប់បានប្រកួតចាញ់និងឈ្នះលើកីឡាករកម្ពុជា ជាច្រើននាក់ផងដែរ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។ ចាំមើលកីឡាករផាន់ គ្រាន់ និងកីឡាករថៃមុងឃុនភេត ណាយ៉ាបៈវីវ នណាជាអ្នកឈ្នះ?៕ ឧត្តរ៉ា
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ធន់ ចាន់តាក់ មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាធន់ ចាន់តាក់ ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃ ភិតសង្ហា និធិតណាយក្វាម ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករថៃភិតសង្ហា និធិតណាយក្វាម បានដែរឫយ៉ាងណា?៕