អបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ ២០១៨

0
3727

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ នាផ្សារទំនើបអ៉ីអន រាជធានីភ្នំពេញ មានការប្រារព្វទិវាសត្វត្មាតអន្តរជាតិ។ វេទិកានេះបានប្រព្រឹត្តទៅដោយមានវត្តមាន ថ្នាក់ដឹកនាំ មន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមអភិរក្សសត្វត្មាតកម្ពុជា តំណាងរដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា(BirdLife) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) ជាសមាជិក និងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា ព្រមទាំងមានកាចូលរួមពីសាធារណជនជាច្រើនផងដែរ។

លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ប្រទេសកម្ពុជាមានវត្តមានសត្វត្មាតចំនួនបីប្រភេទដែលរស់នៅក្នុងតំបន់ព្រៃល្បោះគឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សត្វត្មាជាប្រភេទសត្វស្លាបដែលមានសារៈប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ហើយបច្ចុប្បន្ននេះរបាយរបស់សត្វត្មាតមាននូវភូមិភាគឦសាននៃប្រទេសកម្ពុជា។ ចំនួនសត្វត្មាតនៅកម្ពុជាបានមានការថយចុះគួរឱ្យកត់សម្គាល់។ លោកជំទាវ បានបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិកាបានដាក់បញ្ជូលទីជម្រកសត្វត្មាតសំខាន់បំផុតដែលនៅសេសសល់ចំនួន ២ កន្លែងជាតំបន់ការពារគឺដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច នៅក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ លើសពីនេះទៅទៀតឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងកាលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានចូលរួមអភិរក្ស ហើយកន្លងទៅឯកឧត្តម បានចុះដោយផ្ទាល់ដល់កន្លែងអាហារដ្ឋានត្មាត និងចូលរួមក្នុងការផ្សព្វផ្សាយអប់រំអភិក្សសត្វត្មាត។

ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង (១)ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់វានៅក្នុងប្រព័ន្ឋអេកូឡូស៊ី (២)អប់រំផ្សព្វផ្សាយពីការងារអភិរក្សសត្វត្មាត និងគុណតម្លៃរបស់សត្វត្មាត (៣)ផ្សព្វផ្សាយដល់សាធារណៈជនពីកត្តាគំរាមកំហែង (ជាពិសេសផលវិបាកនៃការបំពុលនិងបរិភោគសត្វព្រៃ)។

សូមបញ្ជាក់ថា ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើង ជាមួយកម្មវិធីផ្សេងៗ ដូចជាគំនូរកុមារ ការសំដែងសិល្បះអប់រំ តាំងពិព័រណ៍រូមថត និងសំនួរ ចំលើយទាក់ទងនឹងការការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា។

Facebook Comments
Loading...