ឯកឧត្តម ពេជ្រ ស្រស់ ដាក់ប្តឹងយុវជនអតីតសង្រ្គោះជាតិ ពីបទជេរប្រមាថ

0
3623

ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសម្រេចរៀបចំពាក្យបណ្តឹង លើយុវជនដែលជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ពីបទជេរប្រមាថ និង ញុះញង់ បង្កឱ្យមានការរើសអើង។

យុវជនម្នាក់នោះបានប្រើគណនីហ្វេសបុកឈ្មោះ Oun Vansak ដែលគេស្គាល់ថា ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិយ៉ាងសកម្មនាពេលកន្លងមក។ គណនីនេះ បានចូលទៅខមមិនជេរប្រមាថលោក ពេជ្រ ស្រស់ តាមបណ្តាញសង្គម យ៉ាងដូច្នេះថា៖« អាចោរម្សៀត គ្មានភាពអៀនខ្មាស់សោះ រាស្ត្រមិនបោះឆ្នោតអោយផង បានឯកឧត្តម ខ្មាស់ទាហានការពារព្រំដែនផង ពួកគាត់មានតម្លៃណាស់»

សម្រាប់លោកពេជ្រ ស្រស់ បានហៅសម្តីនេះថា ជាសម្តីគ្មានសីលធម៌ និងញុះញង់ នាំឱ្យមានការរើសអើង។លោកថា ថ្ងៃច័ន្ទខាងមុខនេះ ក្រុមការងាររបស់លោក នឹងយកពាក្យបណ្តឹងទៅតុលាការ។ ប៉ុន្តែប្រសិនបើយុជននោះ ធ្វើការសុំទោសជាសាធារណៈ លោកនឹងដកពាក្យបណ្តឹងមកវិញ។

គួរបញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទើបតែត្រូវបានព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។

Facebook Comments
Loading...