ការឆ្លើយតបរបស់ចិន ចំពោះសង្គ្រាមពាណិជ្ជកម្ម

0
2096

អន្តរជាតិ៖ បច្ចុប្បន្ននេះ ប្រព័ន្ធពាណិជ្ជកម្មសកល បានឈានចូលដល់យុគសម័យមួយលែងមានភាពច្បាស់លាស់ មានន័យថា របបពាណិជ្ជកម្មផែ្អកតាមច្បាប់ជាពហុភាគី កំពុងតែទទួលនូវការវាយប្រហារ ហើយរបៀបរបបសេដ្ឋកិច្ចសេរី ដែលចងភ្ជាប់ជាមួយនឹងកំណើនពាណិជ្ជកម្ម និងវិបុលភាពសកល កំពុងតែទទួលនូវការគំរាមកំហែង ពីស្ថាបនិកធំរបស់ខ្លួន គឺសហរដ្ឋ អាមេរិក។ មិនមានចម្លើយណាមួយចំពោះភាពមិនច្បាស់លាស់នេះ សំខាន់ជាងចម្លើយពីចិននោះឡើយ។

មានមនុស្សមួយចំនួនគិតពីការលំបាកនានាក្នុងគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិដែលយើងកំពុងតែជួបប្រទះបច្ចុប្បន្នថា កើតចេញស្របជាមួយគ្នានឹងការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ការនិយាយដូចនេះ ដូចជាងាយពេក។ ការលំបាកទាំងឡាយសព្វថ្ងៃ ជាវិបាកនានា នៃការប៉ះទង្គិចដ៏ធំ ចំពោះប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈវិបត្តិហិរញ្ញវត្ថុ ក៏ដូចជាការផ្លាស់ប្តូរក្នុងក្របខណ្ឌយូរអង្វែង ក្នុងសេដ្ឋកិច្ចសកល ដែលកំពុងតែបានអង្រួនប្រព័ន្ធទាំងមូល មួយរយៈពេលមកហើយ។

ការផ្លាស់ប្តូរទាំងនេះ រួមមានការងើបឡើងនៃប្រទេសចិន និងការទទួលយកនូវប្រព័ន្ធសកលនោះឯង។ នៅ អាមេរិកខាងជើងខ្លួនឯង មានបញ្ហារចនាសម្ព័ន្ធយូរអង្វែងនានា ដែលជាប្រភពនៃការបែងចែកមិនបានត្រឹមត្រូវ នៃផលបានពីពាណិជ្ជកម្មអន្តរជាតិ ដែលលោក ត្រាំ បានប្រើក្នុងការឃោសនារកតំណែងប្រធានាធិបតី។

លោក ត្រាំនិងអ្នកធ្វើការជាមួយគាត់ជាច្រើន បានរិះគន់ចិន អំពីភាពមិនអំណោយផលទាំងនោះ តែតាមពិត ភាគច្រើនគឺជាបញ្ហារចនាសម្ព័ន្ធដែលសហរដ្ឋអាមេរិកបានធ្វើដោយខ្លួនឯង ហើយដំណោះស្រាយក៏វានៅក្នុងដៃអាមេរិកខ្លួនឯងដែរ។

ដំណោះស្រាយទាំងនោះ ទាមទារនូវការធ្វើហេដ្ឋារចនាសម្ព័ន្ធ និងការកែទំរង់គោលនយោបាយស៊ីជំរៅ នៅសហរដ្ឋអាមេរិក ហើយក៏ត្រូវការអោយមានអភិក្រមផ្សេងចំពោះគោលនយោបាយសង្គម ក៏ដូចជាការផ្លាស់ប្តូរចំពោះគោលនយោបាយពាណិជ្ជកម្ម ដែលពន្យា និងពង្រឹងប្រព័ន្ធផ្អែកតាមច្បាប់។

និយមន័យដែលថា សហរដ្ឋអាមេរិក មិនបានទទួលផលច្រើន ពីពាណិជ្ជកម្មអន្តរជាតិ ជានិយមន័យខុស។ កំណើនប្រាក់ចំណូលជាតិសហរដ្ឋអាមេរិក ត្រូវបានជម្រុញយ៉ាងខ្លាំង ដោយផលនានាពីពាណិជ្ជកម្ម។ ប៉ុន្តែ ការបែងចែកនូវផលទាំងនោះពីពាណិជ្ជកម្ម មិនត្រូវបានធ្វើហ្មត់ចត់ដោយគោលនយោបាយ និងបណ្តាស្ថាប័ននានាក្នុងស្រុកទេ (ដូចជា សុខាភិបាល អប់រំ និងគោលនយោបាយកែសំរួលនានា) ហើយ មានគ្រួសារជាច្រើន មិនដែលបានឃើញប្រាក់ចំណូលពិតប្រាកដកើនឡើងមកជាច្រើនទសវត្សហើយ។ ការនេះ មិនអាចកែប្រែភ្លាមៗ បានទេ ពិតណាស់ក៏មិនអាចក្នុងមួយអាណត្តិប្រធានាធិបតីបានដែរ។ វាត្រូវការពេលមួយជំនាន់មនុស្ស ដើម្បីជួសជុល ។

ត្រាំបានប្រកាសសង្គ្រាមពាណិជ្ជកម្ម ដើម្បីកែកុនកំហុសអោយត្រូវវិញ ដែលគាត់និយាយថា សហរដ្ឋអាមេរិក បានរងការឈឺចាប់ពីសំណាក់ដៃគូពាណិជ្ជកម្មនានា ពិសេសពីប្រទេសចិន។ គាត់រិះគន់អ្នកទាំងនោះ ថាបានធ្វើអោយមានឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក។ គឺវាមិនពិតទាល់តែសោះ។ ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាផលិតផលនៃការចំណាយរបស់សហរដ្ឋអាមេរិក ច្រើនជាងអ្វីដែលខ្លួនរកបាន និងគ្របដណ្តប់ការចំណាយបន្ថែមដោយនាំចូលមូលធនតាមរូបភាពណាមួយ។ មានបញ្ហាដែលត្រូវលើកមកចរចាជាមួយនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងការដោះដូរ (ស្តីពីការវិនិយោគបរទេស ពាណិជ្ជកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីតាល់) តែរឿងទាំងនេះ មានការពាក់ព័ន្ធតិចតួចណាស់ទៅនឹងការកែតម្រូវអតុល្យភាពពាណិជ្ជកម្មអន្តរជាតិ។

សង្គ្រាមពាណិជ្ជកម្មរបស់ ត្រាំ នៅមិនទាន់អនុវត្តទេ តែបើសិនវាគ្រាន់តែជាល្បិចក្នុងការចរចា រៀបចំឡើងដើម្បីរុញប្រព័ន្ធពាណិជ្ជកម្មទៅមុខ ល្បិចមួយនេះត្រូវការបង់ថ្លៃខ្ពស់ ហើយពេញដោយហានីភ័យ។ ការជជែកពីសង្គ្រាមពាណិជ្ជកម្មរបស់គាត់ បានធ្វើអោយផ្សារហិរញ្ញវត្ថុភ័យខ្លាច។

ការកាត់បន្ថយពន្ធ នឹងជំរុញការចំណាយ ធ្វើវិត្ថារកម្មឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក តាមរយៈការលើកកំពស់ចំណាយសហរដ្ឋអាមេរិក ស្តីពីការទិញទំនិញនានាពីបរទេស។ សំខាន់ជាងនេះទៀត ការរិះគន់បែបបទពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក និងការធ្វើអត្តសញ្ញាណកម្មមិនបានត្រឹមត្រូវនៃការរិតត្បិតពាណិជ្ជម្ម ថាជាមូលហេតុនៃឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើអោយបាត់បង់ភាពជឿទុកចិត្តនៃការដឹកនាំគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក ហើយក៏ធ្វើអោយប្រទេសផ្សេងៗទៀត ងាយនឹងបំពានប្រព័ន្ធនោះផង។

សារសំខាន់នៃចិននៅក្នុងសេដ្ឋកិច្ចសកល គឺជាបញ្ហាទីពីរទេ សំរាប់សហរដ្ឋអាមេរិក។ ការឆ្លើយតបចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក អំពីពាណិជ្ជកម្ម នឹងមានសារសំខាន់ណាស់។ “ស្ថានភាពផ្លូវចិត្តក្រុងវ៉ាស៊ីនតោន បានដូរពីទាញចិនអោយចូលរួម ទៅជាទប់ទល់នឹងចិនទៅវិញ” ដូចដែល មានការលើកហេតុផលដោយ Yao Yang ក្នុងការផ្សាយ បច្ចុប្បន្នភាពចិន ២០១៨។ ការប្រកួតប្រជែងបច្ចេកវិទ្យា ជាបញ្ហាសំខាន់មួយ ដែលកំពុងតែប្រឈមក្នុងទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក។

ការដោះសារសំខាន់សំរាប់ការប្រកាសរបស់លោក ត្រាំ អំពី សង្គ្រាមពាណិជ្ចកម្ម គឺ “ចោរកម្ម” ដោយចិន លើទ្រព្យសម្បត្តិបញ្ញា របស់សហរដ្ឋអាមេរិក និង “ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ” ទៅវិញ។ “តារាងពន្ធទណ្ឌកម្ម គ្រាន់តែជាការកំដៅសាច់ដុំ សំរាប់ការរត់ប្រណាំងម៉ារ៉ាតុងដែលនឹងមកដល់ ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាតែប៉ុណ្ណោះ។ ក្នុងប៉ុន្មានឆ្នាំទៅមុខ វាអាចនឹងច្បាស់ណាស់ថា រដ្ឋបាលលោក ត្រាំ នឹងរឹតបន្តឹងការត្រួតត្រាលើការរួមបញ្ចូលគ្នានូវបណ្តាក្រុមហ៊ុនចិន និងសកម្មភាពទទួលបាននានា នៅសហរដ្ឋអាមេរិក”។

វិធានការដើម្បីផ្ទេរបច្ចេកវិទ្យា តាមរយៈគោលនយោបាយវិនិយោគ ជាផ្នែកមួយនៃគោលនយោបាយជម្រុញការអភិវឌ្ឍឧស្សាហកម្ម នៅគ្រប់បណ្តាប្រទេស ដែលកំពុងតែ “រត់តាម” នានា ក្នុងនោះមានជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាចិន ផងដែរ។ គិតតាមប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក កំពុងតែលេងល្បែងដូចគ្នានេះឯង។ ដូចគ្នាដែរ សំរាប់គោលនយោបាយឧស្សាហកម្ម ដែលដឹកនាំដោយរដ្ឋនានា ដើម្បីនឹងជម្រុញការដើរទៅមុខនៃបច្ចេកវិទ្យា។ ជ្រុងបន្ថែម ក្នុងករណីចិន គឺការអះអាងពីចោរកម្មដែលមានរដ្ឋជាអ្នកបញ្ជា។ រឿងអស់ទាំងនេះ ត្រូវតែបានលើកយកមកចរចា និងពេលនេះត្រូវតែធ្វើការផ្លាស់ប្តូរ។ តែមិនមានការលើកឡើងណាមួយ ធ្វើអនុសាសន៍អោយហែកបំបែកប្រព័ន្ធពាណិជ្ជកម្មសកលទេ។ អាទិភាព គួរតែត្រូវបានសង្កត់ទៅលើការសំរួលវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ ដែលពាក់ព័ន្ធដោះស្រាយបញ្ហាទាំងនេះ និងកសាងរបបសេដ្ឋកិច្ចឌីជីតាល់អន្តរជាតិមួយ ដែលផ្អែកតាមពហុភាគី។

អ្នកធ្វើគោលនយោបាយចិនទាំងឡាយ ត្រូវទទួលស្គាល់ពីការផ្លាស់ប្តូរនៃចិត្តសាស្ត្រគោលនយោបាយ ក្នុងក្រុង វ៉ាស៊ីនតោន និងបង្កើតជាយុទ្ធសាស្ត្រមួយថ្មី ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក។ ការឆ្លើយតបត្រឹមត្រូវយូរអង្វែង គឺត្រូវបន្តគោលនយោបាយកែទំរង់ និងបើកចំហររបស់ចិន ដែលមានសារសំខាន់ចំពោះកំណើនខ្ពស់របស់ខ្លួនក្នុងពេល ៤០ ឆ្នាំ ហើយបង្ហាញ ការឆ្លើយតបនោះ តាមរយៈសកម្មភាពចំពោះមុខ។

សំរាប់ផ្នែកផ្សេងទៀតនៃពិភពលោក នេះជាពេលដែលយុទ្ធសាស្ត្រអង្គុយចាំមើលសិន លែងប្រើបានហើយ។ វាជាពេលដែលទាមទារអោយមានការឆ្លើយតបជាយុទ្ធសាស្ត្រ ជាពិសេសពីភាគីនានា ក្នុងតំបន់អាស៊ី។ ចិនតែម្នាក់ឯង មិនអាចរៀបចំការឆ្លើយតបបានត្រឹមត្រូវបានទេ។

អាស៊ីមានចំណែកធំ នៅក្នុងប្រព័ន្ធសាកល ជាងផ្នែកដទៃទៀតនៃពិភពលោក ដោយសារថា សេដ្ឋកិច្ចអាស៊ី ផ្អែកលើប្រព័ន្ធផ្អែកតាមច្បាប់បើកចំហរ មិនមែនសំរាប់តែវិបុលភាពសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ តែក៏សំរាប់សន្តិសុខនយោបាយផង។ ការអំពាវនាវចំពោះប្រព័ន្ធផ្អែកតាមច្បាប់ ជាទិដ្ឋភាពមួយសំខាន់ជាខ្លាំង នៃការគាំពារសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខនយោបាយ ក្នុងក្របខណ្ឌកាន់តែទូលាយ។ បណ្តាប្រទេសអាស៊ី ត្រូវឈរអោយបានរឹងមាំ ចំពោះមុខការគំរាមកំហែងដល់របបពាណិជ្ជកម្មសកល។ ថាមវ័ន្តនៃកំណើននៅអាស៊ី អាស្រ័យ យ៉ាងខ្លាំងលើ ការបន្តប្តេជ្ញាគោរពតាមរបៀបវារៈកែទំរង់ពាណិជ្ជកម្ម និងលើកទឹកចិត្តអោយចូលកាន់តែជ្រៅ – ក្នុងនោះ មានទាំងចិន សេដ្ឋកិច្ចនានានៅអាស៊ីភាគអាគ្នេយ៍ និងឥណ្ឌា – នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលផ្អែកតាមច្បាប់ដោយចំហ ៕

Facebook Comments
Loading...