ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ អនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានការសម្របសម្រួលអំពីនីតិវិធីពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ឃាតករដៃឆៅព្រមទាំងបក្សពួក ក្នុងការបាញ់សម្លាប់បុរសម្នាក់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបង្រ្កាបចាប់ខ្លួនបាន ក្នុងខណៈដែលឃាតកររូបនេះរត់គេចខ្លួនទៅដល់ព្រះរាជាណាចក្រថៃក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់រួច។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានការសម្របសម្រួលពីនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៧និងទី១៨ ខែ សីហា ឆ្នាំ ២០១៨ នេះ លោកបានដឹកនាំកម្លាំងនគរបាលជំនាញសហការណ៍ជាមួយ នគរបាលស្រុកសំពៅលូន ជាមួយមហាជន អង្គភាពស្ថាប័នអាជ្ញាធរពាក់ព័ន្ឋ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណចក្រថៃ មានខេត្តស្រះកែវ និងខេត្តចាន់បុរី ទើបឃាតករជាជនដៃឆៅនិងបក្សពួកត្រូវវែកមុខនិងបង្រ្កាបបាន ។
លោកបញ្ជាក់ថា ឃាតករដៃឆៅរូបនេះមានឈ្មោះប៊ុន ពន្លក ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំ ប្រធាតុ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង មានមុខរបរ ជានិស្សិតពេទ្យ និងឈ្មោះហួន វាសនា អាយុ ២៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានមុខរបរ ជានិស្សិតជាអ្នករួមគំនិត បានរត់គេចខ្លួនរហូតទៅដល់ខេត្ត នៃព្រះរាជាណាចក្រថៃ ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់បុរសម្នាក់រួចមក។
សូមជម្រាបជូនថា កាលពីវេលាម៉ោង ២២និង០០ នាទី យប់ថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ លេខ ១៥៧០ ត្រង់ចំណុចវាលអន្ទង់ស ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ភូមិ ប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ មានករណីឃាតកម្មមួយបានកើត ឡើង ដែលក្នុងនោះមានជនសង្ស័យចំនួន ០២ មិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្ត Highlander ( ហាយឡិនឌ័រ) មួយគ្រឿងបានបើកតាមបុរសចំនួន០៣នាក់ដែលកំពុងបើករថយន្ត( ដឹកទឹកកក)មួយគ្រឿងនៅចំណុចខាងលើហើយបន្ទាប់មកជនសង្ស័យដែលបើករថយន្តហាយឡិនឌ័របានឈប់ពីមុខរថយន្តដឹកទឹកកក រួចបង្អាក់ដំណើររថយន្តដឹកទឹកកកឲ្យឈប់ និងប្រើវិធីបង្ករជម្លោះឲ្យមានការជជែកគ្នាជាមួយបុរសម្នាក់ដែលជាជនរងគ្រោះ ។ ក្រោយការជជែកគ្នាជនដៃដល់បានដកកាំភ្លើងខ្លីបាញ់ទៅលើបុរសជាជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ក្រោយពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បុរសជាជនរងគ្រោះនោះមាន ឈ្មោះ ពេជ្រ ភិសា ហៅ ពី អាយុ ២៥ ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទឹកកក មានទីលំនៅ ភូមិ តាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ( ស្លាប់) ។
ក្រោយការបាញ់សម្លាប់ជនរងគ្រោះហើយ ក្រុមជនល្មើសបានបើក រថយន្តហាយឡិនឌ័រ គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្តង ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ជាចុងក្រោយថា ឆ្លងតាមរយៈការស្រាវជ្រាវយ៉ាងល្អិតល្អន់ចំពោះករណីឃាតកម្មនេះបានបង្ហាញថាករណីនេះបានផ្តើមចេញពីរឿង (ស្នេហាត្រីកោណ) ។ បើទោះបីជាយ៉ាងនេះក្តីលោកឧត្តមសេនីយ៍ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ៕