ទឹកក្នុងអាងត្រពាំងថ្ម ហាមបង្ហូរចេញដាច់ខាត និងត្រូវបង្កើនការនាំទឹកពីស្រុកចុងកាល់មកបំពេញឡើងវិញ

0
1434

នេះជាបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម កាលពីរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា នាឆ្នាំ ២០១៨ នេះ ផ្ទៃដីប្រមាណជិត ៤ មុឺនហិកតា ដែលទទួលទឹកពីអាងត្រពាំងថ្ម បានផលិតស្រូវ ២ ដង រួចមកហើយ និងកំពុងរៀបចំការផលិតស្រូវលើកទី ៣ ។ ការផលិត ២ ដង កន្លងមក បើគិតជាផ្ទៃដីត្រូវទទួលទឹកពីអាងត្រពាំងថ្ម គឺមានប្រមាណ ជិត ៨ មុឺន ហិកតា ដូចនេះហើយ ទើបទឹកដែលយើងបានស្តុកទុកប្រមាណ ៣០០ លានម៉ែត្រគូប ព្រមទាំងទឹកដែលបង្ហូរមកពីអាងទឹកស្ទឹងស្រែងឯស្រុកចុងកាល់ ក៏ប្រើប្រាស់អស់ទៀត ។

បច្ចុប្បន្ន ទឹកនៅសល់ក្នុងអាងត្រពាំងថ្ម មានប្រមាណ ២០ លានម៉ែត្រគូបប៉ុណ្ណោះ ។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា អាងត្រពាំងថ្ម ជាមជ្ឈមណ្ឌលជីវ:ចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបកម្រ ដែលកំពុងប្រឈមនឹងការផុតពូជ ដូចនេះ បើយើងបង្ហូរទឹកដើម្បីបម្រើតែទៅលើការបង្កបង្កើនផលមួយមុខ យើងនឹងបាត់បង់នូវរបស់មានតម្លៃជាច្រើនទៀត ម្យ៉ាងបងប្អូនយើងក៏ផលិតស្រូវ និងប្រមូលផលរួចរាល់បាន ២ ដង រួចមកហើយដែរ ។ ដូចនេះ ដើម្បីឲ្យយើងរក្សាបាននូវរាល់សម្បត្តិដ៏មានតម្លៃទាំងអស់ ខ្ញុំចេញបញ្ជាដាច់ខាត គឺ ទី១ ត្រូវផ្អាកការបង្ហូរទឹកចេញពីអាងត្រពាំងថ្មមួយរយៈសិន និងទី២ ត្រូវជម្រុញបង្កើនការបញ្ជូនទឹកពីស្រុកចុងកាល់ មកបំពេញអាងនេះឡើងវិញ ។

Facebook Comments
Loading...