(ភ្នំពេញ)៖ សមាសធាតុនៃលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់យ៉ាងតិច៤ គឺសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតតាមលក្ខណៈសេរីពហុបក្ស។ ក្នុងន័យនេះ តេីកម្ពុជាស្ថិតនៅក្នុងកម្រិតបែបណានៃធាតុផ្សំទាំង៤នេះ?
លទិ្ធប្រជាធិបតេយ្យមិនអាចត្រូវលើកកម្ពស់បានទេ នៅទីណាដែលមានការបង្ហូរឈាមតាមរយៈ ចុងអាវុធ ហើយកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលនេះ រហូតដល់សង្គ្រាមត្រូវបានបញ្ចប់។ អ្វីដែលជាបំណងប្រាថ្នាដំបូងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជាគឺសន្តិភាព ហើយសន្តិភាពនេះបាននិងកំពុងចាក់ឬស ក្នុងសង្គមកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីចប់សង្គ្រាម កម្ពុជាបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចតំបន់និងពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើនក្នុងរង្វង់៧%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធនាគារអភិវឌ្ឍអាស៊ីបានចាត់ទុកថា ជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត នៅតំបន់អាស៊ី និងត្រូវបានប្រសិទ្ធិនាមថាជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង។ ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ល្អប្រសើរជាបន្តបន្ទាប់ ធៀបនឹង២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។
ភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យពួកគេងាកមកយកចិត្តទុកដាក់លើការងារអប់រំ ការអត់ឱនអធ្យាស្រ័យគ្នានៅក្នុងសង្គម និងការគិតគូរអនុវត្តច្បាប់ជាធំ ដែលជាការរួមចំណែកដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែ រឹងមាំ។
ប្រជាពលរដ្ឋចម្រុះពណ៌សម្បុរ មិនថាមានសញ្ជាតិកម្ពុជា ឬបរទេសទេ ដែលកំពុងរស់នៅកម្ពុជា មានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកបមុខរបរ ដោយគ្មានការរឹតត្បឹត ឬហាមឃាត់។ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់តាមមនសិការរបស់ខ្លួន ប៉ុន្តែមិនត្រូវរំលោភដល់សិទ្ធិអ្នកដទៃ ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែលច្បាប់ហាមឃាត់ ឬបំផ្លើសការពិតដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាព របស់ស្ត្រីកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់ ដែលមិនធ្លាប់មានក្នុងសង្គមកម្ពុជាកន្លងមក ដោយសារស្រ្តីបានក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ។ទាំងនេះជាជំហ៊ានដ៏វិជ្ជមានចំពោះការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវធ្វើឡើងដោយផ្អែកលើឆន្ទៈប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត គឺអាចមានគណបក្ស មួយឈ្នះក្នុងសភា គណបក្សពីរ ឬគណបក្សច្រើន។ តាមរយៈលទ្ធផលនេះ សភាជាតិមួយត្រូវបានបង្កើតឡើងដែលមានលក្ខណៈជាសភាឯកបក្ស ឬសភាទ្វេបក្ស ឬសភាពហុបក្ស។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ក្រោយសង្រ្គាមលោកលើកទី២ បានបង្ហាញថា ក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សតែមួយ ដោយទទួលសម្លេងច្រើនលើសលុប ក្នុងចំណោមគណបក្ស ប្រកួតប្រជែងដ៏ច្រើន ហើយសភាឯកបក្សក៏ត្រូវបានបង្កើតឡើងដោយគណបក្សឈ្នះឆ្នោតនោះ។ នៅសឹង្ហបុរី ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះឆ្នោតចំនួន៤អាណត្តិជាប់ៗគ្នា ហើយទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។ ជ័យជំនះរបស់គណបក្ស PAP គឺឆ្លុះបញ្ចាំង នូវឆន្ទៈរបស់ប្រជាជនសឹង្ហបុរី ក្នុងការផ្តល់ទំនុកចិត្តដល់គណបក្សនេះ ដើម្បីដឹកនាំប្រទេសតទៅទៀត ហើយរហូតដល់ពេលនេះ គណបក្ស PAP នៅតែបន្តដឹកនាំសឹង្ហបុរីដដែល។
ដោយឡែកនៅកម្ពុជាវិញ ពីឆ្នាំ១៩៥៥ដល់១៩៦៦ គណបក្សសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ លើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងចំនួន៤អាណត្តិជាប់ៗគ្នា ដោយសារកត្តាមួយចំនួនរួមមាន៖ ការទាមទារឯករាជ្យពីបារាំង នយោបាយមិនចូលបក្សសម្ព័ន្ធ ការទទួលបានអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ការបង្រួបបង្រួមជាតិ និងការការពារបូរណភាពទឹកដី។ ចំណែករដ្ឋាភិបាល លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៧២ ដែលគណបក្សសង្គមសាធារណរដ្ឋទទួលបានសម្លេងលើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងនាពេលនោះ។
នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា មានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួន២០ ដោយមានអត្រាអ្នកទៅបោះឆ្នោតចំនួន៨២.៨៩% ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រជាបឋមប្រហែល៧៦.៧៧% ដែលនាំឱ្យគណបក្សនេះអាចទទួលបានអាសនៈ១០០% នៅក្នុងរដ្ឋសភា។ ការគាំទ្ររបស់ប្រជាពលរដ្ឋលើសលុបលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សនេះ បានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងកសាងប្រទេសពីបាតដៃទទេរ នាំមកនូវការបង្រួបបង្រួមជាតិនិងសន្តិភាព កសាងលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស។
លទ្ធផលនៃការបោះឆ្នោតនេះ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជឿជាក់លើ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានយុទ្ធនាការរារាំងមិនឱ្យទៅបោះឆ្នោតក៏ដោយ។ អត្រានៃអ្នកទៅបោះឆ្នោត៨២.៨៩%នេះ បង្ហាញយ៉ាងច្បាស់នូវការបរាជ័យរបស់ក្រុមប្រឆាំង ដែលតែងតែប្រើលទ្ធិប្រជាធិបតេយ្យមកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។
ទោះជាការដឹកនាំបែបសភាឯកបក្ស ឬពហុបក្សក៏ដោយ បញ្ហាសំខាន់គឺរដ្ឋាភិបាលដែលកើតចេញ ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសទទួលបានការគាំទ្រពីប្រជាជន រក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍ ដូចមានជាឧទាហរណ៍ស្រាប់នៃគម្រូដឹកនាំឯកបក្សនៅប្រទេសសឹង្ហបុរី និងនៅប្រទេសម៉ិចស៊ិចកូ ជាដើម។
សុខ គាង
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ