សត្វទាព្រៃស្លាបសត្រូវបានព្រលែងឲ្យរស់នៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ

0
2339

ខេត្តព្រះវិហារ ៖ សត្វទាព្រៃស្លាបសត្រូវបានចាត់ទុកជាសត្វកម្រដោយសារចំនួនរបស់ពួកវាបន្តធ្លាក់ចុះយ៉ាងខ្លាំង តាមរយៈការរំខាន និងការបាត់បង់ទីជម្រកនៅតាមដងព្រែកជាដើម។ បច្ចុប្បន្ននេះ ទាព្រៃស្លាបសស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលត្រូវបានចាត់ទុកជាប្រភេទសត្វដែលជិតផុតពូជ និងមានចំនួននៅសេសសល់តិចតួចបំផុតប្រមាណ ១០០០ក្បាល ប៉ុណ្ណោះនៅលើសាកលលោក។ ប្រភេទសត្វទាំងនេះត្រូវបានគេប្រទះឃើញនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ប៊ូតាន បង់ក្លាដេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ថៃ វៀតណាម និងកម្ពុជា (ប្រហែល ១០០ក្បាល) ។ ទាព្រៃស្លាបស អាចរស់នៅបានដោយពឹងផ្អែកលើទីជម្រកនៅតាមដងព្រែកដែលពុំមានការរំខាន និងការធ្វើសំបុកក្នុងរន្ធឬប្រហោងដើមឈើ ខ្ពស់ៗដែលជារឿយៗត្រូវបានកាប់បំផ្លាញតាមរយៈការជួញដូរឈើខុសច្បាប់។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្ទីរបរិស្ថានខេត្តព្រះវិហារបានសហការ ជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាបដើម្បីព្រលែងទាព្រៃស្លាបសឈ្មោលមួយក្បាលទៅក្នុង ត្រពាំងធម្មជាតិមួយកន្លែងស្ថិតនៅក្នុងភូមិតែលនៃដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្រ្តខេត្តព្រះវិហារ។ សកម្មភាព ព្រលែងនេះក៏មានការចូលរួមសម្របសម្រួលផ្ទាល់ពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភូមិតែលផងដែរ។ ទាព្រៃស្លាបស ត្រូវបានគេជួយសង្គ្រោះពីតំបន់ដូចគ្នាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីសមាជិកសហគមន៍បានរកឃើញវានៅលើដី ប្រឈមនឹងការវាយប្រហារដោយសត្វឆ្កែក្នុងស្រុក។ ដោយមានការសហការយ៉ាងល្អពីសមាជិកសហគមន៍ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) និងមន្ទីរបរិស្ថានខេត្តបានផ្តល់ដំណឹងភ្លាមៗទៅក្រុមការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវចម្រុះខេត្តសៀមរាបដើម្បីជួយសង្គ្រោះនិងទទួលយកទៅថែរក្សាបន្តនៅមជ្ឈមណ្ឌលរបស់ខ្លួននៅឧទ្យានជាតិភ្នំគូលែន (ខេត្តសៀមរាប)។ ក្រោយការត្រួតពិនិត្យនិងមើលថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលពីរខែមក យើងអង្កេតឃើញថា សត្វនេះមានសុខភាពល្អ ហើយអាចនឹងលែងវាទៅក្នុងព្រៃវិញបាន។ ប៉ុន្តែ ការព្រលែងត្រូវបានពន្យារពេលរហូតដល់ខែវស្សា ដើម្បីធានាថាវាមានចំណីគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។ ជាងនេះទៅទៀតសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពី សារៈសំខាន់នៃការជួយសង្គ្រោះសត្វព្រៃ និងធានាថាសត្វព្រៃដែលត្រូវបានប្រមាញ់ដោយខុសច្បាប់អាចត្រឡប់ទៅរស់នៅក្នុង ដែនជម្រកធម្មជាតិរបស់ពួកវាវិញ។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ សត្វទាព្រៃស្លាបស ចំនួន ១៩ក្បាល ត្រូវបាន គេដឹងថាកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និងឆែប ហើយសកម្មភាពព្រលែងសត្វទាព្រៃស្លាបសឈ្មោល នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាប្រភេទសត្វស្លាបដ៏កម្រនេះឱ្យនៅស្ថិតស្ថេរបានយូរអង្វែង។

សកម្មភាពអភិរក្សសត្វទាព្រៃស្លាបសនៅតំបន់ទេសភាពភាគខាងជើងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ត្រូវបាន អនុវត្តដោយសហការដៃគូជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសន្សំម្លប់ព្រៃ (SMP) មជ្ឈមណ្ឌល សំ វាសនា (SVC) ដោយមានការឧបត្ថម្ភថវិកាពី Agence Française de Développement (AFD) មូលនិធិ Margret A. Cargill គម្រោងអភិបាលកិច្ចដីធ្លី តំបន់មេគង្គ (MRLG) Darwin Initiative, US Fish and Wildlife Service (USFWS) មូលនិធិ Arcus និងមូលនិធិ Critical Ecosystem Partnership Fund (CEPF)។

Facebook Comments
Loading...