សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអបអរសាទរខួប ១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប០១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0
1085

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមអបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។ នៅក្នុងពិធីនេះគឺមានការសម្តែងសិល្បៈជាច្រើនប្រភេទផងដែរដូចជា របាំបុរាណ ចម្រៀងពង្សសាវតាខ្មែរ ចម្រៀងបុរាណ សម័យ និងសិល្បៈខ្មែរជាច្រើនទៀត។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្តិត បានសំដែងនូវការរីករាយអបអរសាទរសារជាថ្មីចំពោះការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំប់ប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ថា ទម្រាំកម្ពុជាបានដាក់បញ្ចូលប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ គឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងកិច្ចការងារជាច្រើនដូចជាការរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ (UNESCO)។ ជាពិសេសសម្តេចមិនភ្លេចនូវថ្លែងអំណរគុណចំពោះ សម្តេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិកភណ្ឌពិភពលោក រហូតសម្រេចបានជោគជ័យ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណនឹងបានដឹងគុណចំពោះអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាង្គប្រាសាទជាច្រើនទុកសំរាប់កូនខ្មែរគ្រប់ៗជំនាន់ និងអរគុណដល់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារតុលាការអន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទទួលបានមកវិញនូវប្រាសាទព្រះវិហារខ្មែរពីប្រទេសថៃ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានអរព្រះគុណរចំពោះ សម្តេចព្រះ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះវប្បធម៌ជាតិខ្មែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់សារជាថ្មីថា កម្ពុជាដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតា ដល់មនុស្សជាតិទាំងឡាយ មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមីល្លីម៉ែត្រនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសសន៍បន្តទៀតថា ពិធីអបអរសាទរថ្ងៃនេះ គឺជាការរំលឹក និង ដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំនិងកុលបុត្រ កុលធីតាខ្មែរនាសម័យបច្ចុប្បន្នមិនបានព្រងើយកន្តើយចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បីនៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែខ្ទរខ្ទារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថាអំពីយុទ្ឋសាស្រ្តដឹកនាំប្រទេសជាតិលើយុទ្ឋសាស្ត្រអាទិភាពសំខាន់២ដែលនាំសេចក្តីសុខដល់កម្ពុជាផង និងប្រទេសជិតខាងផងគឺ ទី១ប្រែក្លាយតំបន់សមរភូមិក្តៅអោយទៅជាកន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ និងទី២ គឺប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងទៅជាកន្លែងដែលមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខ និងសំដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយ ដែលបានកើតឡើងចំពោះប្រទេសជប៉ុន ។ ជាមួយគ្នានោះ សម្តេចតេជោបានសុំអោយប្រជាពលរដ្ឋ និងមន្រ្តីចូលរួមនៅក្នុងពិធីល្ងាចនេះទាំងអស់ក្រោកឈរដើម្បីគោរពវិញ្ញាណក្ខ័ន្ធចំពោះប្រជាជនជប៉ុនដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារប្រាង្គប្រាសាទទាំងអស់ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក រួមទាំងសម្បត្តិវប្បធម៌ផ្សេងៗរបស់ប្រទេសជាតិជាច្រើនទៀត។

មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ជួបតែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្តេចតេជោ ប្រមុខដឹកនាំ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទស្សនាការសម្តែងសិល្បៈ រហូតដល់ចប់កម្មវិធី៕

Facebook Comments
Loading...