អាយស៉ី-ស៉ីអង្គរ៖ ការងារថែរក្សានិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរកាន់តែទទួលបានជោគជ័យ

0
1339

អស់រយៈពេល២៥ឆ្នាំមកហើយ ដែលរមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងរយៈពេល២៥ឆ្នាំនេះ ពិភពលោកទាំងមូលមានភាពរំជើបរំជួលចំពោះសំណង់ស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត ហើយពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរកាន់តែច្រើនបានមកទស្សនារមណីយដ្ឋានអង្គរ។

ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូត ក្រុមអ្នកជំនាញការជាតិ និងអន្ដរជាតិនានា សហប្រធានបារាំងនៃកិច្ចប្រជុំអាយស៉ីស៉ី-អង្គរ លោក Guillaun NARJOLLET បានបង្ហាញពីភាពរីករាយចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការជាតិ និងអន្ដរជាតិ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងការអបអរសាទរ លោក Guillaun NARJOLLET ក៏បានរំលឹកដែរថា ការរីករាយជាមួយនឹងភាពជោគជ័យ នឹងអាចនាំឱ្យយើងបរាជ័យដែរ បើយើងធ្វេសប្រហែលនៅចំណុចណាមួយនៅក្នុងតំបន់អង្គរ។

សហប្រធានបារាំងរូបនេះ បានពន្យល់ថា អាយស៉ីស៉ី-អង្គរទទួលបានជោគជ័យយ៉ាងខ្លាំងជាបន្ដបន្ទាប់នៅក្នុងរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣មក ធ្វើឱ្យរមណីយដ្ឋានអង្គរប្រែក្លាយពីសម្បត្តិបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាសម្បត្តិបេតិកភណ្ឌមួយដ៏ពេញលេញ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោក្នុងពិភពលោក ហើយភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែកំណើននេះក៏ជាការគំរាមកំហែងដល់អង្គរដែរ ដូច្នេះយើងមិនត្រូវរីករាយជាមួយនឹងភាពជោគជ័យនេះទេ។ យើងត្រូវផ្តោតសំខាន់នូវការរៀបចំគោលនយោបាយនិងអនុវត្តនូវវិធានការផ្សេងៗដែលអាចឲ្យយើងធានាបាននូវតុល្យភាពរវាងកំណើនវិស័យទេសចរណ៍និងកិច្ចការអភិរក្ស។

ដូចគ្នាដែរ លោកស្រី Ann LEMEISTRS តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានបង្ហាញការពេញចិត្តជាខ្លាំងពេលឃើញរមណីយដ្ឋាអង្គរមានការអភិវឌ្ឍ ហើយអាជ្ញាធរជាតិអប្សរាបានគិតគូរហ្មត់ចត់ជាមុនពីផលលំបាកនិងចំណុចប្រឈមនានាដែលអាចនឹងកើតឡើងក្នុងរមណីយដ្ឋានអង្គរផងដែរ។ លោកស្រីក៏បានអរគុណដល់អ្នកចូលរួមទាំងអស់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោរហូតមកដល់សព្វថ្ងៃ ហើយសង្ឃឹមថា អ្នកទាំងនោះនឹងបន្តការងារដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរបន្តទៀត។

លើសពីនេះទៀត គណៈកម្មការអាយស៊ីស៊ីអង្គរក៏បានបង្ហាញនូវសេចក្តីពេញចិត្តជាខ្លាំងចំពោះការរីកចម្រើននូវសមត្ថភាពរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជាពិសេសភាពម្ចាស់ការក្នុងការដឹកនាំអនុវត្ត្តនូវគម្រោងជាច្រើនក្នុងរមណីយដ្ឋានទាំងការងារស្រាវជ្រាវ ការងារអភិរក្សជួសជុល និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៉ីស៉ី-អង្គរ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន នៅថ្ងៃទី៥ និងទី៦ មិថុនា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា៕

Facebook Comments
Loading...