សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រកាសតែងតាំង និងស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះសង្ឃ ៣អង្គនៅវត្តបទុមវតី

0
15575

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវត្តបទុមវតី រាជធានីភ្នំពេញ។ សម្តេចព្រះកិត្តិយស ទាំង៣អង្គ ដែលនឹងប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។ ពិធីនេះ ក៏នឹងមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះអនុគណក្នុងរាជធានីភ្នំពេញ និងគ្រប់ខេត្ត ព្រមទាំងមន្ត្រីនៃរាជ រដ្ឋាភិបាល ជាច្រើនទៀរផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាដែលមានការរីកចម្រើននាពេលនេះ។ សម្តេចតេជោ បានអរព្រះគុណចំពោះព្រះអង្គទាំង២គណៈដែលបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកពីវិស័យព្រះពុទ្ធសាសនាដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំដោយសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះ ទីអារាមជាច្រើនត្រូវបានបំផ្លាញចោលស្ទើគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជា មានវត្តអារាមប្រមាណជាង ៤,០០០វត្ត និងមានព្រះសង្ឃគង់នៅប្រមាណជាង ៦០,០០០អង្គ ផងដែរ។ វិស័យពុទ្ធចក្រ ពិតជាបានចូលរួមផ្សារភ្ជាប់ និងវិស័យអាណាចក្រដែលវិស័យនេះទាំងពីរ បានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ វត្តអារាមក៏ជាកន្លែង បណ្តុះបណ្តាលនូវចំណេះដឹង និងជាកន្លែងអប់រំទូន្មានប្រៀនប្រដៅ ដល់ព្រះសង្ឃ និងសិស្សផងដែរ។ ជាក់ស្តែងដូចជាវត្តបទុមវតី នេះផ្ទាល់ក៏មានសិស្សនិស្សិតស្នាក់នៅដើម្បីបន្តការរៀនសូត្រប្រមាណ ៣៧៤នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសង្ឃទាំង៣ អង្គ ដែលត្រូវបានទទួលព្រះបរមងារជាសម្តេចសង្ឃនាពេលនេះដែលនេះពិតជាសក្តិសមទៅនឹងការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថាការដែលរៀបចំឲ្យមានទង់សាសនាតាមបាវចនានេះគឺជាការរួមចំណែករំលឹកដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងថា កម្ពុជារស់នៅក្រោមម្លប់ ព្រះពុទ្ធសាសនា។ តាមរយៈ ការរៀបចំអាសនៈសម្រាប់ព្រះសង្ឃគង់ក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យ មានទង់សាសនានៅកន្លែងរៀបចំបាវចនាជាតិគឺ ជាការរួមចំណែកលើកតម្កើនវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនផងដែរ។

នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេន និងជូនអំណោយជាថវិកាមួយចំនួនដល់ ព្រះសង្ឃ និងយាយជីតាជីដែលបាននិមន្ត និងចូលរួមក្នុងពិធីផងដែរ។ បន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត បានប្រគល់ព្រះធម្មនសក្តិព្រះគេនដល់សង្ឃទាំង៣អង្គ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានព្រគេនពរ និងជូនពរដល់ ព្រះសង្ឃ យាយជីតាជី និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ។

មុននឹងបញ្ចប់ក៏មានពិធីដង្ហែព្រះសង្ឃទាំង៣អង្គ ចំនួន៣ជុំធ្វើដំណើរមកកាន់បុស្បុក ដើម្បីទទួលស្រោចស្រពព្រះគន្ធាវារីពីសម្តេចសង្ឃនាយក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយមន្ត្រីសង្ឃ​ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត​ ដើម្បីទទួលបាននូវសេចក្តីសុខចម្រើន និងទទួលព្រះបរមងារជាសម្តេចសង្ឃ ចាប់ពីពេលនេះតទៅ។

Facebook Comments
Loading...